Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យចំនួន០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរថ្នាំញៀនខុសច្បាប់

ស្វាយរៀង ៖ នៅថ្ងៃច័ន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១ និង៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ ម៉ោង១២ និង២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុអហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត   និងដឹកនាំសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត  បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៧នាក់ រួមមាន ៖ ១.ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ២.ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ ៣.ឈ្មោះ ជឿន ប៉ោសៀង ភេទប្រុស  អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម ។ ៤.ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។ ៥.ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។ ៦. ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបររីសិបសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ៧.ឈ្មោះ រូត ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម នៅចំណុចកាស៊ីណូញ៉ូវើល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន ៖ ១.ក្រាមពណ៌សថ្លា ចំនួន ៦៦កញ្ចប់ (ធំ០១ កញ្ចប់) មានទម្ងន់ ១៨៩,៨៩ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧,១៣ក្រាម ។ ២.ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៥១២គ្រាប់ មានទម្ងន់ ១៨២.៨៨ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៦,៨៥ ក្រាម ។ ៣.ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន ៣២១គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១១៣,១៧ ក្រាម ។ ៤.ម្សៅម៉ត់ពណ៌.ស ចំនួន ៤០កញ្ចប់ (ធំ០១ កញ្ចប់) មានទម្ងន់ ១៧៨,៧៦ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៦៦,៨៦ក្រាម ។ ៥.ថ្នាំគ្រាប់ពណ៌ស្វាយ ចំនួន ០៩គ្រាប់មានទម្ងន់ ៤,៩៧ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ៣.២០ក្រាម ។ ៦.ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ១៣គ្រាប់ មានទម្ងន់ ៣,១០ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១,១៩ក្រាម ។ ៧.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦ គ្រឿង ។ ៨.ម៉ូតូចំនួន ០៤ គ្រឿង។ ៩. ទូរស័ព្ទចំនួន ១០ គ្រឿង ។ ១០. ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វិច្ឆ័យ