Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហឹង្សាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះមរណ:ភាព

បាត់ដំបង ៖ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមប័ក្សពួកជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះមរណ:ភាព ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ហ៊ាន វ៉ើយហុង (ហៅផ្លូច) ភេទប្រុស អាយុ២២ឆ្នាំ ២.ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ យ៉ាង សុខចាន់នី ភេទប្រុស អាយុ២១ឆ្នាំ ទាំងបីនាក់មានទីលំនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៣ និង ៣០ នាទី មានករណីហឹង្សាមានស្ថានទម្ងន់ទោសមួយ កើតឡើងនៅចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន  ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វើសកម្មភាពវាយតប់ និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់រួចបានស្លាប់នៅពេលបញ្ជូនទៅដល់ពេទ្យ ។

បន្ទាប់ពីធ្វើសកម្មភាព ក្រុមជនល្មើសបានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល ក្រោយមកសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ដើម្បីរៀបចំសំណុំរឿងចាត់ការបន្តតាមនីតិវិធី ដោយឡែកប័ក្សពួកច្រើននាក់ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកបន្ត ៕

ដោយ ៖ សាលី​