Connect with us

ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកគូថរថយន្តដែលកំពុងចតចោល

ខេត្តបាត់ដំបង! បុរសជាកម្មករសំណង់ម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថរថយន្តដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើបានកើតឡើងនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម(HONDA-DREAM) ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ផ្លាកលេខបាត់ដំបង (ខ-4241) បើកបរដោយឈ្មោះ រើន ប៊ុនរ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរថយន្តដឹកទំនិញធុនធ្ងន់(V1)មួយគ្រឿងម៉ាកហ្វ៊ុយសូ (FUSO) ពណ៌ខៀវលាយស ពាក់ផ្លាកលេខបាត់ដំបង(3A-0446) បើកបរដោយឈ្មោះ ជួយ សុជា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានចតចោលលើទ្រូងផ្លូវដោយគ្មានផ្លាកសញ្ញា និងភ្លើងបំភ្លឺពីក្រោយ ក្នុងទិសដៅពីកើតទៅលិច លុះក្រោយមកក៏ស្រាប់តែឃើញម៉ូតូរងគ្រោះខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នផង ក៏ជ្រុលទៅគូថពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗចំណែករថយន្តបើករត់គេចដល់ភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល បានចតចោលរួចអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងរួចប្រគល់មធ្យោបាយទាំងពីរអោយជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ដោយឡែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។