Connect with us

ព័ត៌មានកីឡា

ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងពោធិ៍សាត់ ជាង៣០០នាក់

ពោធិ៍សាត់  ៖  នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់  បានជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ដល់សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ដែលបានប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២០-២០២១) ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ  ឆ្នាំសិក្សា២០២០.២០២១ ទូទាំងខេត្ត សរុបមានចំនួន ៣.២៤០នាក់  ប្រលងជាប់ ១.៨៩១នាក់ ។ ដោយឡែកនៅក្រុងពោធិ៍សាត់សិស្សប្រលងជាប់មានចំនួន៣០៨នាក់  ក្នុងនោះនិន្ទេសA ចំនួន០៧នាក់, និន្ទេសB. ៣២នាក់, និន្ទេសC. ៤៧នាក់, និន្ទេសD. ៨១នាក់  និងនិន្ទេសE.ចំនួន១៣៣នាក់ ។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ អបអរសាទរចំពោះក្មួយៗ សិស្សានុសិស្ស ទូទាំងខេត្តពោធិ៍សាត់  ដែលបានប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០.២០២១ នាពេលនេះ ។ លទ្ធផលដែលសម្រេចបានទាំងនេះអាស្រ័យដោយការយកចិត្តទុកដាក់ របស់ក្មួយៗផ្ទាល់  ក៍ដូចជាការជួយជ្រោមជ្រែងពីឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ ។ កន្លងមករាជរដ្ឋាភិបាលបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ លើវិស័យអប់រំ  ក្នុងការកសាងធនធានមនុស្ស ដែលជាវិស័យអាទិភាព  និងបានយកចិត្តទុកដាក់ដល់សិស្សជួបការលំបាក  សិស្សមកពីគ្រួសារក្រីក្រ  និងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ  ក្នុងគ្រាឆ្លងដ៍សែនលំបាកបំផុត នៃការរាលដាលជំងឺកូវីដ១៩  ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ៗរូប ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ពន័្ធ  លោកគ្រូអ្នកគ្រូ  មាតាបិតា  និងអាណាព្យាបាលសិស្សទាំងអស់  ដែលបានខិតខំលះបង់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី  ក្នុងការជម្រុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ។ ការរៀននិងបង្រៀនពីចម្ងាយតាមរយៈទូរទស្សន៍ក្ដី  តាមយូធូប  និងការចុះបង្រៀនដល់ផ្ទះពីសំណាក់លោកគ្រូអ្នកគ្រូ គឺជា ការលះបង់ដ៍ខ្លាំងបំផុតដែលធ្វើឲ្យក្មួយៗសិស្សានុសិស្ស  ក្លាយជាប្រជាពលរដ្ឋ  ជាសសរទ្រូងរឹងមាំ  សម្រាប់ប្រទេសជាតិយើងនាពេលអនាគត។

ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមូលដ្ឋានខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាតិ ដែលមានសម្តចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម នៅតែចាត់ទុកវិស័យទាំងបួន (មនុស្ស ទឹក ផ្លូវ ភ្លើង) ជាអាទិភាពដដែល  ដោយបានកំណត់យកធនធានមនុស្ស ជាអាទិភាពទី១។

សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ទាំង៣០៨នាក់ ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ  ទទួលបានការលើកទឹកចិត្តពី រដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ  ក្នុងនោះនិទ្ទេសA មានចំនួន០៧នាក់ ម្នាក់ៗទទួលបានថវិកា ០២លានរៀល,  និន្ទេសB. ៣២នាក់ ម្នាក់ៗទទួលបាន៤០ម៉ឺនរៀល  និងនិន្ទេសC-D-E សរុប២៦១នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ។ ចំណែកលោកគ្រូ អ្នកគ្រូនិងបុគ្គលិកសិក្សាចំនូន៦៣នាក់ ម្មាក់ៗក៍ទទូលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕

ដោយ ៖ វិច្ឆ័យ