Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន៥២អង្គនាក់ត្រូវបានសង្គ្រោះបន្ទាន់សង្ស័យបានពុលនំបាញ់ហយ

ខេត្តបាត់ដំបង៖ ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំណុះជើងវត្តសំរោងលើ ប្រមាណចំនួន៥២អង្គនាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ក្រោយពីមានអាការៈក្អួតចង្អោរ និងរាករូស ឥតឈប់ឈរបន្ទាប់ពីបានឆាន់ និងហូបចំណីអាហារនំបាញ់ហយនៅថ្ងៃសីលម្សិលមិញនេះ។

ហេតុការណ៍ភ្ញាក់ផ្អើលមានព្រះសង្ឃ​ និងពុទ្ធបរិស័ទចំណុះជើងវត្តមានអាការៈពុលចំណីអាហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅ ចំណុច ក្នុងបរិវេណវត្តសំរោងលើ ស្ថិតក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមការរៀបរាប់ពីអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បាននិយាយថាកាលពីម្សិលមិញជាថ្ងៃសីលពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នារៀបចំធ្វើបាញ់ហយដើម្បីប្រគេនព្រះសង្ឃឆាន់ឲ្យប្លែកមាត់ម្តងលុះក្រោយពីព្រះសង្ឃឆាន់រួចពលរដ្ឋទាំងអស់ក៏បាន ចាប់ផ្តើមនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសាប៉ុន្តែមិនបានប៉ុន្មាននាទីផងទាំងព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ ចាប់ផ្តើមមានអាការៈក្អួតចង្អោរ និងរាករូសឥតឈប់ឈរសរុបចំនួន៥២អង្គនាក់ក្នុងនោះមានព្រះសង្ឃចំនួន០៤អង្គប្រជាពលរដ្ឋចំនួន៤៨នាក់ស្រី៣០នាក់ ។

បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅដែល លាងមិនស្អាតទើបបណ្តាលឲ្យមានការឆ្លងបាក់តេរីទៅក្នុងខ្លួនមនុស្សហើយរហូតមកដល់ព្រឹកថ្ងៃទី  ៣១នេះដែរកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យបានត្រៀមចុះទៅកាន់កន្លែងកើតហេតុ ហើយដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះថាតើដើមចមខាងលើនេះគឺបណ្ដាលមកពីអ្វីពិតប្រាកដ ៕