Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ជាជោគជ័យមួយដ៏ធំសម្រាប់ជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត

ខេត្តបាត់ដំបង! សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះជាជោគជ័យមួយដ៏ធំសម្រាប់ជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត។

សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នៅឯមណ្ឌលអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្នុងនោះសម្តេចក្រឡាហោម ក៏បានលើកឡើងទៀតថា÷ ចាប់តាំងពីមុន និងមកដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះសម្តេចបានកត់សម្គាល់ឃើញថាគ្រប់គណ:បក្សនយោបាយទាំង១៧ បានអនុវត្តសកម្មភាពដូចប្រក្រតីដោយសេរីត្រឹមត្រូវស្របតាមច្បាប់។

សម្តេចក្រឡាហោម បានបន្តថា÷ ការបោះឆ្នោតអាណត្តិទី៥ ២០២២នេះជាជោគជ័យមួយដ៏ធំសម្រាប់ប្រទេសជាតិរបស់យើង ដែលវាជាកត្តាមួយរារាំងកុំឲ្យមានសង្គ្រាម កុំឲ្យមានការបែកបាក់ ហើយផ្ទុយទៅវិញគឺសញ្ញាមួយយ៉ាងល្អសំដៅដល់ការរីកចម្រើនក្នុងមូលដ្ឋានថែមទៀត។

យោងតាមរបាយការណ៍របស់គណ:កម្មការរៀបចំការបោះឆ្នោត សម្រាប់ខេត្តបាត់ដំបង មានគណ:នយោបាយសរុបចំនួន ១០ បានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ហើយក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ១.៦៨៥ លើ ១០៣ ឃុំសង្កាត់ និងមានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការមានជាង៦៣ម៉ឺននាក់៕