Connect with us

ព័ត៌មានជាតិ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តបន្ទាយមានជ័យ ដំណើរការទៅយ៉ាងរលូន

បន្ទាយមានជ័យ ៖ ចាប់តាំងពីម៉ោង៧ព្រឹក រហូតមកដល់រសៀលគាកនឹងបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ  នៅខេត្តបន្ទាយមានជ័យ បានដំណើរការទៅយ៉ាងរលូន ។

លោក ហី គឹមសេង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ដំណើរការបោះឆ្នោត នៅពេលចាប់ផ្តើមនេះ ព័ត័មានដែលទទួលបាន គឺវាមានបរិយាកាសល្អ ប្រព្រឹត្តទៅរលូន ឯអាកាសធាតុក៏ស្រឡះ គ្មានភ្លៀង ។

ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អោយដឹងដែរថា ទិដ្ឋភាពរួម ឃើញមានអ្នកបោះឆ្នោត បានប្រញ៉ាប់ប្រញ៉ាល់ពីព្រលឹមមកបោះឆ្នោត កងកម្លាំងសន្តិសុខក៏បំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ។ អ្នកបោះឆ្នោតមិនតិចពេក មិនច្រើនពេក  ហើយក៏មិនប្រជ្រៀតគ្នា  ព្រមទាំងមានរបៀបរៀបរយតម្រង់ជួរគ្នាចូលបោះឆ្នោត ។

ចំពោះមន្ត្រីថ្នាក់ដឹកនាំ និងសមាជិកគណបក្សមួយចំនួន បានអោយដឹងថា ពលរដ្ឋ និងសមាជិកគណបក្សរបស់ខ្លួន បាននាំគ្នាចេញទៅបោះឆ្នោតដោយរីករាយ គ្មានការគម្រាមកំហែងឬរំខានឡើយ ។

ទោះយ៉ាងណា អ្នកបោះឆ្នោតមួយចំនួន ក៏លំបាក ឬយឺតយ៉ាវក្នុងរកឈ្មោះក្នុងបញ្ជី ឬខ្វះឯកសារបោះឆ្នោត ដោយសារវ័យសម្បទារ និងមិនចេះ ឬមិនមានលទ្ធភាពឆែកឈ្មោះក្នុងកម្មវិធីប្រព័ន្ធទូរស័ព្ទ ឬកុំព្យួទ័រ  ដូចអ្នកបោះឆ្នោតមានវ័យក្មេង និងវ័យកណ្តាល ។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានអ្នកបោះឆ្នោតមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ (ដែលត្រូវបោះឆ្នោតឆ្នាំ២០២២នេះ) មានចំនួន៤០៥.៧៣០នាក់ លើពលរដ្ឋអាយុ១៨ឆ្នាំ ឡើងចំនួន៤៧០.៨៨១នាក់/ស្រី២៦៨.៦១៥នាក់ ។ ចំពោះការិយាល័យបោះឆ្នោត សរុបចំនួន១.១១៤កន្លែង នៅ៦៧ឃុំ/សង្កាត់ នៃ៩ស្រុកក្រុង ។ ភ្នាក់ងារគណបក្សនយោបាយ ក្នុងចំណោមគណបក្ស១១ ដែលចុះឈ្មោះបេក្ខជន/នារី បោះឆ្នោតក្នុងខេត្តនេះ ភ្នាក់ងារពេញសិទ្ធិមាន ៣.២១៧នក់/ស្រី១.០០២នាក់ និងបម្រុង១.៧៧២នាក់/ស្រី៦៨៩នាក់ ។ ដោយឡែក ភ្នាក់ងារអង្គការ សមាគមក្នុងស្រុកក្រៅរដ្ឋាភិបាលចំនួន៦ ដែលគជប អនុញ្ញាតិមាន ចំនួន  ២.៣៩៥នាក់/ស្រី១.៧៤២នាក់ ។ ក្នុងនោះមាន អង្គការ សមាគមក្នុងស្រុក ដូចជា ១-ខុមហ្វ្រែល ២-សហព័ន្ធបញ្ញរប្រជាធិបតេយ្យ ៣-សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ  ៤-សមាគមសម្ព័ន្ធយុវជនសហរឡាញ់សន្តិភាព ៥- សហភាពសហព័ន្ធយុវជនកម្ពុជា និង៦-សហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: ។

គណបក្សនយោបាយ បានឈរឈ្មោះបោះឆ្នោតចំនួន ១១ គណបក្សរួមមាន ៖ គណបក្សប្រជាជនកម្ពុជា, បក្សភ្លើងទៀន, បក្សខ្មែររួបរួមជាតិ, បក្សហ៊្វុនស៊ិនប៉ិច, បក្សឆន្ទៈខ្មែរ, បក្សខ្មែរស្រឡាញ់ជាតិ, បក្សកម្ពុជានិយម, បក្សរស្មីខេមរា, បក្សសញ្ជាតិកម្ពុជា, បក្សកែទម្រង់កម្ពុជា, និងបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៕