Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អះអាងថា មណ្ឌលបោះឆ្នោតនៅទូទាំងខេត្តប៉ៃលិន ទាំង១១៨ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោក​ជំទាវ​ បាន ស្រីមុំ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះថា នៅទូទាំងខេត្តប៉ៃលិន គ្រប់មណ្ឌលបោះឆ្នោតទាំង ១១៨ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

បើតាម​ឯកឧត្ដម​ ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានប្រកាសឱ្យដឹងថា មានពលរដ្ឋ ជាង ៧លាននាក់ ស្មើនឹងចំនួនប្រជាពលរដ្ឋប្រមាណជិត៧៨ភាគរយ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនានេះ។ ខណៈការបោះឆ្នោត បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ៕