Connect with us

ព័ត៌មានជាតិ

កាំបិតបុរាណនៅតែពេញនិយមបើទោះបីមានការប្រកួតប្រជែងរបស់នាំចូលពីក្រៅប្រទេស

ខេត្តបាត់ដំបង៖ បើទោះបីមានការនាំចូលនូវប្រភេទកាំបិតផ្សេងៗពីក្រៅប្រទេស និងកំពុងវាយលុកទីផ្សារនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមិនធ្វើឲ្យមានការប៉ះពាល់ដល់ការធ្វើកាំបិតបែបបុរាណលក់នៅតាមជនបទរបស់ពលរដ្ឋខ្មែរ ហើយវានៅតែមានការពេញនិយមសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ជាងធ្វើកាំបិតម្នាក់ឈ្មោះ ផាន ចៀប រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ នៃខេត្តបាត់ដំបង បានលើកឡើងនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះថា រូបគាត់បានប្រកបរបរធ្វើកាំបិតពូថៅនេះអស់រយៈពេលចូល ២០ឆ្នាំមកហើយ ដោយធ្វើបន្តពីឪពុក ហើយបើទោះបីមានមុខរបរផ្សេងក៏គាត់មិនបានបោះបង់របរនេះដែរ ដោយសារការស្រលាញ់និងជាកេរដំណែលពីឪពុក និងមួយវិញទៀតនៅតែមានការគាំទ្រច្រើនពីសំណាក់ពលរដ្ឋនៅតំបន់នេះនិងនៅទីកន្លែងផ្សេងៗមកទិញយកទៅប្រើប្រាស់ជាហូរហែររាល់ថ្ងៃ ។

លោកបន្ថែមថា ការធ្វើកាំបិតពូថៅនិងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតរបស់គាត់មានលក្ខណៈខុសពីមុនខ្លះ ដោយបច្ចុប្បន្នលែងប្រើឧបករណ៍សប់ដុតដែកដូចមុនហើយ គឺប្រើម៉ូទ័រភ្លើង ដែលការធ្វើរបៀបនេះចំណេញពេលវេលា ហើយចំពោះតម្លៃវិញគឺលក់បានថ្លៃជាងរបស់ដែលនាំចូលពីក្រៅប្រទេស ដោយសារវាមានគុណភាពអាចប្រើប្រាស់បានយូរ ហើយក្នុងមួយថ្ងៃគិតជាមធ្យមលោកអាចរកប្រាក់ចំណូលពីការលក់កាំបិតពូថៅនិងសម្ភារៈទាំងអស់នេះចំនួន ១០ម៉ឺនរៀល ដោយពួកគាត់មកកម្មង់ទិញដល់កន្លែងតែម្ដង។

គួរបញ្ជាក់ថា ឧបករណ៍ខ្មែរដែលធ្វើរបៀបចាស់បុរាណមានដូចជា ពូថៅ , ចបជីក , ចបកាប់ , កាំបិតព្រាល កាំបិតបាំងតោ កាំបិតបន្ទោះ កាំបិតផ្គាក់ កាំបិតខ្វែវ និងកាំបិតត្នោតជាដើម ដោយកាំបិតទាំងអស់នេះសុទ្ធតែមានមុខងារក្នុងការប្រើប្រាស់ផ្សេងៗ ហើយក៏អាចយកមកប្រើជំនួសគ្នាដើម្បីកាប់សាច់ កាប់អុសជាដើម ៕