ការផ្លាស់ប្តូរនុយក្លេអ៊ែររបស់រុស្ស៊ី ហួសពេលកំណត់ អាចជំរុញឱ្យលោកខាងលិចលែងកញ្ជ្រោល
មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ការផ្លាស់ប្តូរដែលបានប្រកាសដោយរុស្ស៊ីចំពោះគោលនយោបាយអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺហួសពេលកំណត់យូរមកហើយ ហើយប្រហែលជានឹងធ្វើឱ្យ សត្រូវលោកខាងលិចរបស់ខ្លួនលែងកញ្ជ្រោល។
លោកពូទីន បាននិយាយថា ប្រទេសរុស្ស៊ីកំពុងពង្រីកបញ្ជីនៃសេណារីយ៉ូ ដែលអាចជំរុញឱ្យខ្លួនពិចារណាការបាញ់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនមានព័ត៌មានគួរឱ្យទុកចិត្តបានអំពីការវាយប្រហារឆ្លងព្រំដែនទ្រង់ទ្រាយធំមកលើខ្លួនដោយរួមមានទាំងយន្តហោះ មីស៊ីល ឬយានដ្រូន។
លោក និយាយថា ទីក្រុងមូស្គូ នឹងពិចារណារាល់ការវាយប្រហារមកលើខ្លួនដែលគាំទ្រដោយប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលជាការវាយប្រហាររួមគ្នា។
សេចក្តីប្រកាសនេះ គឺជាចម្លើយរបស់វិមានក្រឹមឡាំងចំពោះការពិភាក្សានៅសហរដ្ឋអាមេរិក និងអង់គ្លេសអំពីថាតើត្រូវផ្តល់ការអនុញ្ញាតដែរឬយ៉ាងណាដល់ប្រទេសអ៊ុយក្រែនដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចដើម្បីវាយប្រហារគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
ទីក្រុងមូស្គូ និយាយថា ការព្រមានរបស់ខ្លួនគឺជាការពិត ហើយលោកពូទីន បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើពួកគេផ្តល់ភ្លើងខៀវឱ្យទីក្រុង គីវ ដើម្បីបាញ់មីស៊ីល ATACMSរបស់អាមេរិក និងមីស៊ីល Storm Shadow របស់អង់គ្លេសចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។