Connect with us

សន្តិសុខ និង សង្គម

ឃាត់ខ្លួនមុខសញ្ញា ជួញដូរនិងប្រើប្រាស់គ្រឿងជនជាតិថៃ៣នាក់ នៅក្រុងប៉ោយប៉ែត រកឃើញថ្នាំញៀន១២៨ ថង់តូច

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ សហលារជាមួយនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់បញ្ជូនខ្លួនជនជាតិថៃបីនាក់ ជាមួយគ្រឿងញៀន១២៨ថង់តូច ទៅតុលាការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាបន្ទាប់ពីបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាជនជាតិថៃចំនួន០៣នាក់  ជាបន្តបន្ទាប់នោះ សមត្ថិច្ចនគរបាលបានឆែកឆេរ ដកហូតវត្ថុតាង ថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក, ទូរសព្ទ០២គ្រឿង, ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២, សម្ភារៈវេចខ្ចប់មួយចំនួន ។

ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនញៀននេះធ្វើឡើង ថ្ងៃទី០៨  ខែមិថុនា  ឆ្នាំ២០២២ វេលាម៉ោង០៩យប់ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្ថិតក្នុងភូមិក្បាលស្ពាន  សង្កាត់/ក្រុង  ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនិតិវិធីដោយ  លោក លឹម ប៊ុនសុភក្រ័  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអនុត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

លោកស្នងការរងបានឲ្យដឹងទៀតថា ដំបូងកម្លាំងនគរបាលយើងបង្រ្កាបបានជនសង្ស័យ០២នាក់ មាន៖ ១-ឈ្មោះ កៀតតិគុណ ថងខាំ  ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ , ២-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន  ៧ថង់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ទាំងពីកម្លាំងនគរបាលបានបន្តឃាត់ខ្លួនមេខ្លោងបាន  ០១នាក់ទៀត ឈ្មោះ ផានុវាត់ អកតាក់ឡាត  ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ  នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន  សង្កាត់/ក្រុង  ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតវត្តុតាងរួមមាន ៖  ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។

ឆ្លងតាមការសាកសួរចម្លើយ ពួកគេបានសារភាពថា នេះជាលើកទី១ ដែលពួកគេបានប្រព្រឹត្តរបររកស៊ីលក់គ្រឿងញៀននេះ ។ ចំពោះមេខ្លោងឈ្មោះផានុវាត់ អកតាក់ឡាត  ហៅក្រៅ អប នេះធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃ រយៈពេល១០ឆ្នាំផងដែរ ពីបទមនុស្សឃាត ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕