Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA

បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA ស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង ។

ស្ថិតនាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ កោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រទទួលបាននូវនិទ្ទេសល្អៗ ដែលបាននាំយកកិត្តិយសជូនដល់សាលា គ្រួសារ និងសង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័័ន្ធអប់រំ ។ ដោយឡែកចំពោះសិស្សានុសិស្ស ដែលមិនទទួលបាននិទ្ទេសល្អប្រសើរ ឬមិនអាចប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះថា មិនថាក្នុងការធ្វើអាជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមានជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង ពិសេសថ្នាក់ឧត្តមសិក្សា ជួនកាលសិស្សានុសិស្សមួយចំនួនមិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូកែពេលជាឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សទាំងនោះបានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។

ឯកឧត្តម ក៏បានលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលឲ្យសោះនូវភាសាបរទេស និងកុំព្យូទ័រ ដែលជាជំនាញទន់មួយ ព្រោះយើងមិនអាចខ្វះភាសាបរទេស និងកុំព្យូទ័របានឡើយ ដោយសារពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនាក់ទំនងគ្នាជាអន្តរជាតិ ។

គួរបញ្ជាក់ថា សម្រាប់សិស្សានុសិស្សនៃសាលាអន្តរជាតិUSA ខេត្តបាត់ដំបង បានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦២នាក់ ស្រី៤២នាក់ ស្មើនឹង៧២% ក្នុងនោះ សិស្សនិទ្ទេសAចំនួន ៦នាក់, សិស្សនិទ្ទេសB ចំនួន ១១នាក់, សិស្សនិទ្ទេសC ចំនួន ៦នាក់, សិស្សនិទ្ទេសD ចំនួន ១៨នាក់, សិស្សនិទ្ទេសE ចំនួន ២១នាក់ ៕

ដោយ ៖ សាលី