Connect with us

សន្តិសុខ និង សង្គម

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយុវជន០២នាក់ ករណីបង្កហឹង្សា កាប់ជនជាតិចិនរបួសធ្ងន់២នាក់

បន្ទាយមានជ័យ ៖ យុវជន០២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបង្កហឹង្សា កាប់ជនជាតិចិនរបួសធ្ងន់ ២នាក់ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត និងឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត និងបានដកហូតដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

លោកបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចអាគារ ១០០បន្ទប់ ទុលមុខពេទ្យនគររាជ ក្នុង ភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke  ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ (EH8968747)ស្នាក់នៅនិងបំរើការងារក្នុង កាស៊ីណូហ្វូនិក   បណ្តាលឱ្យរងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។ បន្ទាប់មក បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ទៀត ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC ៥៨៣៨៨៣១ ស្នាក់នៅនិង បំរើការងារក្នុង សណ្ឋាគារជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសលើស្មាផ្នែកខាងស្ដាំ ។

ចំពោះមុខសមត្ថកកិច្ច ជនសង្ស័យ បានសារភាពថា ពួកគេទាំង០២នាក់ ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិននោះ ពិតប្រាកដមែន ដោយសារតែគេខឹងនឹងសង្សាគេបែកចិត្តមានថ្មី (ខ្មែរដូចគ្នា) ទើបធ្វើឲ្យគេមួម៉ៅ ក៏កាប់ជនជាតិចិនដែលកំពុងដើរនោះតែម្តទៅ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕