Connect with us

ព័ត៌មានជាតិ

ព្រះវិហារបុរាណអាយុជាង ១០០ឆ្នាំបាននិងកំពុងជួសជុលឡើងវិញក្រោយមានសភាពចាស់ទ្រុឌទ្រោមខ្លាំង

ខេត្តបាត់ដំបង! វត្តសំរោងក្នុង គឺជាទីអារាមដ៏ចំណាស់មួយក្នុងបណ្តាវត្តដែលមានភាពចំណាស់ជាងគេក្នុងខេត្តបាត់ដំបង ហើយវត្តមួយនេះមានទីតាំងស្ថិតក្នុងភូមិសំរោងក្នុង ឃុំពាមឯក ស្រុកឯកភ្នំ និងមានចម្ងាយពីទីរួមខេត្តប្រមាណជា ៣.៩គឺឡូម៉ែត្រដែលគិតចាប់ពីចំណុចស្ពានថ្មថ្មី។

លោកតា ខន រ៉ន ប្រធានគណ:កម្មការវត្តសំរោងក្នុង បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ការសម្រេចជួសជុលឡើងវិញនូវតួរអាគារព្រះវិហារពីសំណាក់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងគោលបំណងទប់ស្កាត់ការពុកផុយបាក់បែកអាគារខ្លាំងទៅៗ ពិសេសកំបោរផ្នែកស្រទាប់ខាងក្នុង និងខាងក្រៅវិហារដែលមានក្បាច់ក្បូរ រចនាបទផ្សេងៗ និងជាច្រើនទម្រង់របស់បុរាណដូនតាខ្មែរយើង។

លោកតា ខន រ៉ន បានបញ្ជាក់បន្ថែមថា អាគារព្រះវិហារអាយុជាង ១០០ឆ្នាំខាងលើនេះចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរទាំអភិរក្ស ប៉ុន្តែក៏មិនអាចទុកចោលឲ្យចាស់ទ្រុឌទ្រោមខ្លាំងទៅៗពីមួយឆ្នាំ ទៅមួយឆ្នាំបានដែរពុំនោះទេអាគារសំណង់នោះនឹងពុកផុយបាក់បែករាបដល់ដីរហូតដល់បាត់រូបរាងជាក់ជាមិនខានឡើយ និងម៉្យាងទៀតការកែលម្អរថ្មីឡើងវិញនេះមានក្រុមជាងសុទ្ធតែមានបទពិសោធន៍យូរឆ្នាំសម្រិតសម្រាំងជួសជុលដោយយកចិត្តទុកដាក់តាមទម្រង់ចាស់ដដែលដើម្បីរក្សាទុកនូវស្នាដៃដ៏ល្អឯកជាកេរ្តិ៍តំណែលរបស់បុព្វបុរសខ្មែរឲ្យបានគង់វង្សយូរអង្វែង សម្រាប់បន្សល់ទុកឲ្យអ្នកជំនាន់ក្រោយបានឃើញ ស្គាល់ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទស្សនាកម្សាន្តផងដែរ។

បន្ថែមពីនេះលោកតាក៏បានទទូចសំណូមពរដល់ក្មេងៗអ្នកជំនាន់ក្រោយត្រូវចូលរួមទាំងអស់គ្នាក្នុងការថែទាំ អភិរក្សសម្បត្តិដូនតាលើកកម្ពស់សំណង់ អាគារបុរាណ វប្បធម៌ជាតិខ្មែរឲ្យបានគង់វង្ស និងទាញជាប្រយោជន៍បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈវិស័យទេសចរណ៍នេះ។

គួរបញ្ជាក់ថា វត្តសំរោងក្នុងជាទីវត្តបុរាណកសាងឡើងតាំងពីមុនសម័យលោកម្ចាស់ទៅទៀត តាមសំណេរតៗគ្នាបានបញ្ជាក់ថា÷ តួព្រះវិហារដំបូងបំផុតកកើតនៅអំឡុងឆ្នាំ១៧០៧ ក្រោយមកអាគារវិហារខាងលើនេះក៏ចាស់ទ្រុឌទ្រោម ហើយព្រះចៅអធិការវត្តជំនាន់ទី៧ បានឯកភាពគ្នារុះរើចេញ និងចាប់ផ្តើមផ្តួចផ្តើមសាងសង់ថ្មីឡើងវិញនៅអំឡុងឆ្នាំ១៨៩០ ដោយលោកម្ចាស់នាយព្រះឃ្លាំងម៉ៅ ជាមេទ័ពស្បៀង និងលោកជំទាវ អ៉ឹង ត្រូវជាដន្លងលោកម្ចាស់ គទាធរ ញ៉ុញ ជាស្តេចត្រាញ់ ខេត្តបាត់ដំបង ជាកូនលោកម្ចាស់ គទាធរ នង ។