Connect with us

ព័ត៌មានជាតិ

អបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៦ យាងចូល ៨៧ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីអារាមវត្ត រតនសោភ័ណ្ឌ (ហៅ វត្តកោងកាង) ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រ កក្រក យុវជន កក្រក និងមានការចូលរួមពី មន្ទីរ-អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ បានចូលរួមក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគំរប់ខួប ៨៦ ព្រះវស្សា យាងចូល ៨៧ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ។

ក្រោយជយន្តោពីព្រះសង្ឃរួច ឯកឧត្តមអនុប្រធាន បានថ្វាយកន្ត្រកផ្កា និងអានសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងប្រគេនទេយ្យទាន ចង្ហាន់ បច្ច័យ ជូនព្រះសង្ឃ ចំនួន ៥អង្គ និងផ្តល់បច្ច័យជូនយាយជី តាជី ១៣ នាក់ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំម្ចាស់ទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ជាចៅ ជាចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។