Connect with us

ព័ត៌មានជាតិ

តម្លៃពោតក្រហមនៅរដូវកាលប្រមូលផលនេះ បានហក់ឡើងខ្ពស់ជាងឆ្នាំកន្លងទៅ

ខេត្តបាត់ដំបង៖ ប្រជាកសិករនៅខេត្តបាត់ដំបងបានបង្ហាញនូវភាពសប្បាយរីករាយបន្ទាប់ពីតម្លៃពោតក្រហម នៅក្នុងរដូវកាលនេះបានចាប់ផ្ដើមជាមួយនឹងការឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ហើយទិន្នផលក៏ទទួលបានល្អផងដែរ។

ប្រជាកសិករនៅក្នុងឃុំតាគ្រី ស្រុកកំរៀង នៃខេត្តបាត់ដំបង បានលើកឡើងដូចៗគ្នាថា ពោតដែលពួកគាត់កំពុងប្រមូលផលនៅរដូវកាលនេះគឺជាប្រភេទពោតក្រហម ដោយបច្ចុប្បន្នក្នុងមួយគីឡូក្រាមលក់បានក្នុងតម្លៃ ៥.៨បាត ទៅ ៥.៩បាត ខណៈដែលឆ្នាំកន្លងទៅលក់បានក្នុងតម្លៃត្រឹមតែ ៥.៤បាតប៉ុណ្ណោះ ដោយឈ្មួញកណ្តាលមកទទួលទិញដល់ផ្ទះ។

ប្រជាកសិករដដែលបានបន្តថា បើទោះបីជាតម្លៃនៅឆ្នាំនេះមានការហក់ឡើងបន្តិចមែន ក៏ប៉ុន្តែបើយើងទូទាត់ធៀបទៅនឹងឆ្នាំកន្លងទៅវាមិនខុសគ្នាប៉ុន្មានទេ ព្រោះសម្ភារៈ របស់របបប្រើប្រាស់ ក៏ដូចជា ជី និងប្រេងសាំង នៅឆ្នាំនេះបានឡើងថ្លៃជាងឆ្នាំមុន។

យោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានបង្ហាញថា រដូវប្រមូលផលពោតក្រហមឆ្នាំនេះកសិករក្នុងខេត្តបាត់ដំបងអនុវត្តបានសរុបចំនួន ៥០. ១៧២ហិកតា ស្មើនឹង ៥៩.៣០ភាគរយ នៃផែនការសរុបចំនួន ៨៤,៦០០ហិកតា៕