Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល 

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា ស្រុកថ្មគោល ដឹកនាំដោយ ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៦គ្រួសារ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រស់និងភូមិព្រៃទទឹងនៃ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងរបួស ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាជនរងគ្រោះនៅទីនេះ ពេលរៀបចំសាងសង់លំនៅដ្ឋាន សូមគិតដល់គុណភាព ឬធ្វើគ្រឹះឱ្យបានរឹងមាំ ចៀសវាងយកតែទំហំធំ តែមិនមាំទាំអាចបណ្ដាលឱ្យមានបញ្ហាទៅថ្ងៃមុខទៀត។

អំណោយមនុស្សធម៌ដែលអនុសាខាស្រុកបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១ កែស ថវិកា និងសង្ក័សីមួយចំនួន ផងដែរ ។