Connect with us

ព័ត៌មានជាតិ

មន្ដ្រីសាលាស្រុកឆែបមួយរូប រងការចោទប្រកាន់ថា នាំជ្រូករស់ពីប្រទេសឡាវដោយខុសច្បាប់ នៅចំណុចភូមិកំពង់ស្រឡៅ ស្រុកឆែប

ព្រះវិហារ៖ នៅវេលាម៉ោង៧.៣០នាទី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានរថយន្ដមួយគ្រឿងនាំជ្រូករស់ពីប្រទេសឡាវ នៅចំណុចដីឡូមួយកន្លែង នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ប្រភពច្បាស់ការមួយបានបង្ហើបប្រាប់អ្នកព័ត៌មានយើងថា ការនាំជ្រូកពីប្រទេសឡាវមានឈ្មោះ លី សុជាតិ (ហៅតួក) ជាមន្ដ្រីបំរើការនៅសាលាស្រុកឆែប ហើយក៏ជាមនុស្សជំនិតអភិបាលស្រុកឆែប លោក សុខ សាន្ដដារ៉ា ផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់នេះ អ្នកព័ត៌មានយើងបានភ្ជាប់ទូរស័ព្ទសុំបកស្រាយពីលោក លី សុជាតិ ជាមន្ដ្រីបំរើការនៅសាលាស្រុកឆែប បានលើកឡើងប្រាប់នៅរសៀលថ្ងៃទី២៣ខែមិថុនានេះថា ពីណាថារូបលោកជាអ្នកនាំជ្រូកពីប្រទេសឡាវ សុំរកប្រភពរកប្រភពឱ្យបានច្បាស់ ពីព្រោះគាត់ជាមន្ដ្រី ហើយរូបលោក មិនបាននាំជ្រូកដូចការចោទប្រកាន់នេះទេ។

ដោយឡែកអភិបាលស្រុកឆែប លោក សុខ សាន្ដដារ៉ា បានឱ្យដឹងនៅរសៀលថ្ងៃដដែលនេះថា លោក លី សុជាតិ ជាមន្ដ្រីក្រុមប្រឹក្សាឃុំទើបតែបោះឆ្នោតជាប់ ហើយករណីចោទប្រកាន់ថា នាំជ្រូកចូលពីប្រទេសឡាវ ជារឿង​មួលបង្កាច់​ ហើយវាក៏ជារឿងច្រណែលកាច់កុងគ្នាដែរ។

ចំពោះបញ្ហានាំជ្រូករស់ពីប្រទេសឡាវនៅភូមិកំពង់ស្រឡៅ លោក សុខ សាន្ដដារ៉ា ក៏ទទួលស្គាល់ថា ធ្លាប់មានដែរ ហើយសមត្ថកិច្ចប្រចាំការនៅតំបន់ក៏មានច្រើនស្ថាប័នផងដែរ។

មតិហាជន បានលើកឡើងថា វាមិនដែលអ្នករកស៊ីខុសច្បាប់ណានៅសុខៗ ទទួលស្គាល់ខ្លួនឯងថា ជាអ្នករកស៊ីនោះទេ សម្ដីក្រុមអ្នករកស៊ីបទល្មើសតែងតែដោះលេសតែអញ្ចឹងចំពោះអ្នកព័ត៌មាន ។ ចំពោះបញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ ពីបណ្ដាប្រទេសជិតខាង​ ដោយ​រលូនយ៉ាងដូច្នេះ បើ​មិន​មានការ​ត្រូវរ៉ូវ​ជាប្រព័ន្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ​នៅ​ប្រចាំនៅតំបន់នោះ គឺមិនអាចនាំជ្រូក​ចូល​​បើក​ចំហរ​យ៉ាងដូច្នេះ​ទេ។

សូមបញ្ជាក់ថា ​បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហា​ប្រឈមខ្លាំង​សម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ​បើទោះបីកន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័ន​ពាក់ព័ន្ធ ​បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់​ការចិញ្ចឹម​ក្នុងស្រុក ​និងទប់ស្កាត់​ការ​នាំចូលជ្រូករស់ក៏ដោយ៕