Connect with us

ព័ត៌មានជាតិ

ឈ្មួញនាំធ្យូងទៅលក់ឱ្យវៀតណាម តាមច្រករបៀង នៅស្រុកកំចាយមារ យ៉ាង​គគ្រឹកគគ្រេង​សង្ស័យ​បើក​ភ្លើង​ខៀវពី​សមត្ថកិច្ច​ច្រកទ្វារអន្ដរជាតិម៉ឹងជ័យ

ព្រៃវែង៖ សកម្មភាពឈ្មួញដឹកជញ្ជូនធ្យូងទៅលក់ឱ្យវៀតណាម តាមច្រកទ្វារអន្តរជាតិព្រំដែនម៉ឹងជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង យ៉ាង​គគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចញញើតអ្វីទាំងអស់ សង្ស័យ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ចនគរបាលប្រចាំការនៅតំបន់នោះ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ការនាំធ្យូងដឹកទាំងយប់ម៉ោង៣ទៅរហូតដល់ម៉ោង៧ព្រឹក គេសង្កេត​ឃើញ​មាន​រយថយន្ដដឹកធ្យូងប្រភេទសាំយ៉ុងកែច្នៃ និងប្រភេទរថយន្តកែច្នៃផ្សេងទៀត បាន​នាំគ្នាសំរុក​ដឹកជញ្ជូន​ធ្យូងចូលទៅទឹកដីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិព្រំដែនម៉ឹងជ័យ នៅស្រុកកំចាយមារ ខេត្ដព្រៃវែង ដោយមិនឃើញសមត្ថកិច្ចពាក់ព័ន្ធណា​បង្ក្រាបនោះឡើយ។

មន្ដ្រីប្រចាំការ បាន​លួច​ខ្សឹប​ប្រាប់​អ្នក​សាព័ត៌មានយើងថា​ រថយន្ដដឹកធ្យូងទាំងអស់នេះ​មិនមាន​លក្ខណៈគ្រប់គ្រាន់​តាម​បច្ចេកទេសច្បាប់​ចរាចរណ៍​នោះឡើយ​ ខុសពី​រថយន្តដឹកទំនិញ​ផ្សេងៗទៀត​ ឯមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់វិញ មិនហ៊ានត្រួតពិនិត្យឡើយ ព្រោះថា​មានអ្នករត់ការផ្លូវ​គ្រប់​ច្រកល្ហក​អស់ហើយ។

ពាក់ព័ន្ធព័ត៌មាន​ខាងលើ លោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ម៉ឹនជ័យ​ បានប្រាប់តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមិថុនានេះថា ​នៅ​លោក​គ្មាន​សេវា​ទេ៕