ក្នុងរយៈពេល៥ខែឆ្នាំនេះ ភ្ញៀវទេសចរជាង ១លាននាក់ទៅទស្សនា នៅខេត្តសៀមរាប

សៀមរាប៖ ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ (.០២៧.៧៧៩នាក់) ដែលចំនួននេះ កើនឡើង ៧៤៤,៨៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១២១.៦៤៩ នាក់ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដនៅខេត្ដសៀមរាប​មានចំនួនប្រមាណ ១លាន២ម៉ឺន៧៧៧៩នាក់ ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់។

ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨ម៉ឺន២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។

របាយការណ៍ បន្ដថា ភ្ញៀវទេសចរគិតតាមលំដាប់ថ្នាក់សញ្ជាតិ តាមគ្រប់មធ្យោបាយ រួមមាន ជនជាតិចិន ជនជាតិបារាំងជនជាតិ ជនជាតិ អាមេរិ អាឡឺម៉ង់ ជនជាតិវៀតណាម ជនជាតិ សឹង្ហបុរី ជនជាតិអូស្ត្រាលី ជនជាតិឥណ្ឌា និងជនជាតិកូរ៉េ ។

ដោយឡែករបាយការណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ​បានបង្ហាញថា លំហូរភ្ញៀវទេសចរ​ទៅទស្សនាក្នុងតំបន់អង្គរ មានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបឋម ដល់ភ្ញៀវទេសចរ៤៩ករណី ក្នុងនោះមានគ្រោះថ្នាក់ រអិលជើង រឺជំពប់ជើងបណ្តាលឱ្យដួល ០៦ករណី គ្រោះថ្នាក់ចរាចរណ៍ ១៩ករណី។ខ្យល់គដួលសន្លប់១៣ករណី សត្វស្វាខាំ១១ករណី។ អាជ្ញាធរជាតិអប្សរាស្នើរដល់អ្នកទេសចរជាតិនិងអន្ដររជាតិអោយបើកបរបន្ថយល្បឿន បោះចោល​សំរាមអោយបានត្រឹមត្រូវ នៅក្នុងធុងសំរាម និងហាមទៅឈជិតស្វាជាដើម។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បន្ថែមថា ជើងហោះហើរ ចូលខេត្ដសៀមរាប ក្នុងរយៈពេល០៥ខែឆ្នាំ២០២២មានចំនួន២៩២ជើង ដែលមានអ្នកដំណើរសរុបចំនួន ២៤.៥៥១ នាក់ ។ ដោយឡែកជើងហោះហើរលក្ខណៈអន្តរជាតិ មានក្រុមហ៊ុន Singapore Airline (សឹង្ហបុរីសៀមរាប) មានចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់។ ក្រុមហ៊ុន Air Asia (កូឡាឡាំពួរសៀមរាប) មានចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់។ ក្រុមហ៊ុន Thai Smile (បាងកកសៀមរាប) មានចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់។ក្រុមហ៊ុន China Eastern (គួនមីងសៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ ។ ក្រុមហ៊ុន Bangkok Air (បាងកកសៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់។ ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។

ដោយឡែកការហោះហើរជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់។ជាមួយគ្នានោះ ការហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញសៀមរាប) មានចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់។ក្រុមហ៊ុន Cambodia Airway (ភ្នំពេញសៀមរាប) មានចំនួន ០២ ជើងអ្នកដំណើរ ២១៤ នាក់ ៕

CATEGORIES
Share This