Connect with us

ព័ត៌មានជាតិ

លោក សុខ ដែន ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកកំរៀង ជំនួសលោក សុខ គឹមខុន ដែលត្រូវចូលនិវត្តន៍

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកកំរៀងថ្មី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ សម្រេចតែងតាំងលោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្រ្ដី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកកំរៀង ជំនួសលោក សុខ គឹមខុន ដែលត្រូវបានចូលនិវត្តន៍ ។

បន្ទាប់ពីលោក សុខ ដែន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលស្រុកកំរៀងថ្មី បានឡើងបេ្ដជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូលរួចមក ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមមានកងកម្លាំងទាំង៣ និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលស្រុកកំរៀងថ្មី ក្នុងន័យដល់រដ្ឋបាលស្រុកមានសកម្មភាពប្រសើរក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះឯកឧត្តម បានណែនាំដល់អភិបាលស្រុក មន្រ្ដីរាជការ មេឃុំទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្របទៅតាមបរិបទថ្មីឡើយ។

ហើយរដ្ឋបាលស្រុក ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងខ្លា ដែលបានបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ ធ្វើឱ្យមានអំពើចោរកម្មនានា បង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម ដោយក្នុងនោះឯកឧត្តម ក៏បានណែនាំឱ្យមានការគិតគូរក្នុងការរៀបចំការដាក់ពិន្ទុវាយតម្លៃភូមិឃុំមានសុវត្ថិភាពនៅតាមភូមិឃុំ ដើម្បីពិនិត្យមើលថាតើឃុំណាអនុវត្តបានល្អជាងគេ ហើយក៏បានណែនាំរដ្ឋបាលស្រុក ចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវភ័យខ្លាចអ្នកមានអំណាចណាមួយឡើយ ។

បន្ថែមពីនេះក៏ត្រូវបន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករនៅក្នុងខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ នឹងធ្វើឱ្យគុណភាពអង់ទីករនៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន ហើយត្រូវបន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព ៕