Connect with us

ព័ត៌មានជាតិ

មន្ត្រីអគ្គិសនីម្នាក់បានធ្វើអត្តឃាតដោយឆក់ចរន្តភ្លើងស្លាប់ដោយខ្លួនឯង

ខេត្តបាត់ដំបង! បុរសជាមន្ត្រីអគ្គិសនីខេត្តបាត់ដំបងម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយឆក់ចរន្តខ្សែភ្លើងកាលពីវេលាម៉ោង ២០និង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចទីស្នាក់ការចែកចាយបណ្តាញអគ្គិសនីក្នុងខេត្តប៉ៃលិន។

យោងតាមមន្ត្រីអគ្គិសនីខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា÷ ជនរងគ្រោះមានឈ្មោះ ស៊ាន សារឿង មានតួនាទីជាមន្ត្រីប្រចាំការនៅចំណុចចែកចាយបណ្តាញភ្លើងអន្លង់រុន ចុងក្រោយក៏ត្រូវប្រធានការិយាល័យសម្រេចប្តូរទៅបំពេញការងារជាប្រធានការិយាល័យនៅខេត្តប៉ៃលិន វិញ ហើយចន្លោះពេលដែលទើបទទួលបានការងារថ្មីនេះមិនដឹងថាមូលហេតុអ្វីក៏ស្រាប់តែជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់ខ្សែភ្លើងស្រាតចង កដៃ កជើងរបស់ខ្លួន ហើយបើកបារ៉ែតភ្លើងបណ្តាលឲ្យឆក់ឆេះខ្លោចស្លាប់តែម្តង។

ស្ត្រីឈ្មោះ វង្ស ភ័ក្ត្រា ជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់តាមបណ្តាញហ្វេសប៊ុករបស់ខ្លួនឲ្យដឹងដែរថា÷ ប្តីរបស់ខ្លួនមានឈ្មោះ ស៊ាន សាវឿង ជាបុគ្គលិកអគ្គិសនីខេត្តបាត់ដំបង ប្រចាំទីស្នាក់ការបណ្តាញអគ្គិសនី ( GS ) ក្នុងចំណុចខ្សែរលួស​ ភូមិពពាលខែ​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ប្តីរបស់ខ្លួនបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ទីស្នាក់ការចែកចាយបណ្តាញអគ្គិសនីក្នុងខេត្តប៉ៃលិន។

យោងតាមការសរសេរបង្ហោះក្នុងបណ្តាញហ្វេសប៊ុកដែលមានឈ្មោះថា (គ្រួសារត្រកូល ស៊ាន )បានបញ្ជាក់ថា ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា នឹងប្រពន្ធសម្លាញ់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជារៀងរហូតទៅ ទ្រព្យសម្បត្តិទាំងអស់សូមបែងចែកដូចតទៅ! ទី១- ម៉ូតូឌ្រីម សេរី២០២១ និងដី ២ឡូត៍ ទុកចែកជូនប្រពន្អខ្ញុំ។ទី២- ម៉ូតូ Wave ចែកឲ្យអាឡយ កូនចែវៀង,ទី៣- ដីស្រែសូមជូនម៉ែយាយវិញចុះ, ទី៤-លុយបញ្ញើក្នុងកុងធនាគារមានចំនួន ៣០លានរៀលបែងចែកជា ៣ចំណែក ក្នុងនោះ ១០លានរៀលទុកចិញ្ចឹមម៉ែយាយ, ១០លានរៀលទុកចិញ្ញឹមពុកវ័ន្តចុះ ព្រោះកន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ ,១០លានរៀលទៀតទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំរៀនសូត្រអោយចប់ ,ទី៥-លុយប្រាក់ខែក្នុងកុងធនាគារនៅសល់ទុកធ្វើបុណ្យសពខ្ញុំចុះ , ទី៦-កូនសូមទោសម៉ែខាន់ ដែលកូនមិនមានអ្វីតបស្នងសងគុណម៉ែវិញ។ សូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់កុំយំសោកស្តាយអី ខ្ញុំទៅបានសុខហើយ លាហើយអ្នកទាំងអស់គ្នា។

ក្នុងបណ្តាញហ្វេសប៊ុកដដែលបានបញ្ជាក់ទៀតថា អត្តឃាតរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះសូមថ្នាក់ដឹកនាំទុកជាមេរៀន មុននិងផ្ទេរទីតាំងបុគ្គលិកពីស្រុកកំណើតគេអោយទៅឆ្ងាយផ្ទះ ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំ រួមទាំងខ្ញុំមានទីតាំងនៅបាត់ដំបងជិត GS អន្លង់រុនស្រាប់ ហេតុអ្វីផ្ទេរខ្ញុំទៅGSប៉ៃលិនទាំងដែលខ្ញុំមិនចង់ទៅ សូមថ្នាក់ដឹកនាំគួរពិចារណាឡើងវិញ។