រថយន្តធុនធំ០២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់

3

ខេត្តបាត់ដំបង! យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ភ្លាម និងមនុស្សប្រុសស្រីជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តធុនធំ០២គ្រឿងបុកគ្នាពេញទំហឹងក្នុងស្រុកមោងឬស្សី។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៦ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ដោយយោងតាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងធុនធំមួយគ្រឿងម៉ាកគារ ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3D-3838 បើកបរដោយឈ្មោះ យ៉ន គ្រើន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសេរីកាកែវ ឃុំសេរីកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដោយដឹកភ្ញៀវពេញធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(បាត់ដំបង ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៍ស ពាក់ផ្លាកលេខបាត់ដំបង 3A-2079 ក្នុងទិសដៅផ្ទុយគ្នា និងបានរ៉េចង្កូតទៅបុករថយន្តក្រុងពេញទំហឹងអោយក្រឡាប់ខ្ទេចទាំងសងខាង បណ្តាលអោយអ្នករួមដំណើរក្នុងរថយន្តក្រុងស្លាប់ម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងនិងនាំយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំម្ចាស់រថយន្តប្រភេទដឹកទំនិញចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។