Connect with us

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយរន្ធះបាញ់ចំនួន៦នាក់នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខាខេត្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសារសិស្សានុសិស្សទាំងចំនួន៦នាក់ដែលរងគ្រោះដោយរន្ធះបាញ់នៅក្នុងបរិវេណសាលាអនុវិទ្យាល័យរតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ មន្រ្តីប្រតិបត្តិសាខាបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនិងមិនបានជួយដោះស្រាយនោះទេ។

លោកនាយករងសាខាបានបន្តទៀតថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយខ្យល់និងរន្ធះបាញ់ បានបណ្តាលឱ្យសិស្សានុសិស្សសាលាចំនួន៦នាក់របួសខណៈម៉ោងចេញលេងនៅសំយ៉ាបសាលា ក្នុងនោះរបួសស្រាល៥នាក់ព្យាបាលនៅមណ្ឌលសុខភាពស្តៅនិងរបួសធ្ងន់០១នាក់បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា៖ អំណោយដែលសាខាខេត្តផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង០៦  ក្នុង០១គ្រួសារៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធវីឃែរ ២កេស,ទឹកដោះគោឆៅ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕