Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា មន្ត្រីនគរបាលជាតិត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាល ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់

កំពង់ស្ពឺ៖សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ
បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ការបញ្ជាក់បែបនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារស្នាក់នៅរបស់សិស្សនគរបាលកម្ពស់២ជាន់និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២នៅសាលានគរបាលជាតិភូមិភាគ៣ខេត្តកំពង់ស្ពឺ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយលើកឡើងថា ក្រោមការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើក្របខណ្ឌមន្ត្រីនគរបាលជាតិរាល់មន្ត្រីដែលចូលបម្រើការងារជានគរបាលជាតិត្រូវតែឆ្លងវគ្គបណ្តុះបណ្តាលដាច់ខាត ហើយមួយវិញទៀតក៏ត្រូវឆ្លងកាត់ការប្រលងឬធ្វើតេស្តដើម្បីបានជាប់ចូលជាមន្ត្រីក្របខណ្ឌនគរបាលជាតិផងដែរ។ជាមួយនិងការប្រលងនេះដែរ រាល់បេក្ខភាពទាំងអស់ត្រូវតែមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាប់ទើបអាចជាប់ក្នុងការប្រលងនេះបាន។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់ដែលអាចអន្តរាគមន៍ឬសម្រេចឱ្យបេក្ខជនត្រូវតែជាប់ដោយមិនប្រលងនោះឡើយរួមទាំងសម្តេចផ្ទាល់ផងដែរ។សម្តេចថាសម្រាប់សម្តេចផ្ទាល់គ្មានសិទ្ធិលូកលាន់លើការងារជ្រើសរើសមន្ត្រីក្របខណ្ឌនគរបាលជាតិនោះទេ តែសម្តេចអាចត្រឹមមានសិទ្ធិអនុញ្ញាតឱ្យបេក្ខជនចូលប្រលង ហើយចំពោះការជាប់ធ្លាក់គឺពឹងលើសមត្ថភាពខ្លួនឯងហើយ។

ពាក់ពន្ធ័លើការងារប្រលងចូលក្របខណ្ឌនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម បានលើកឡើងថាក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ។

ជាមួយនោះសម្តេចក្រឡាហោម បានថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមអភិបាលខេត្តព្រះសីហនុឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តមអភិបាលខេត្តតាកែវ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣ចំណាយទឹកប្រាក់អស់ប្រមាណជាង៨០ម៉ឺនដុល្លា។ ទន្ទឹមនិងនោះក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះបណ្តាលនិងសាលានគរបាលជាតិភូមិភាគ៣ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌ គុណភាព។សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្តនិងណែនាំដល់ក្មួយៗជាសិស្សនគរបាលទាំងអស់ ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា និងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋនាពេលអនាគត។

សូមបញ្ជាក់ផងដែរថាពិធីបញ្ចុះបឋមសិលាដែរគឺសាងសង់អគារស្នាក់នៅរបស់សិស្សនគរបាលជាតិកម្ពស់២ជាន់ចំនួន២អគារនិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១៨០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៦០០ម៉ែត្រ និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ប្រមាណចំនួន១៣៣នាក់។