Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ៖ មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចាប់យកចំណេះពីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការធានារ៉ាប់រងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុ

កំពង់ធំ ៖ មានប្រសាសន៍ក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការធានារ៉ាប់រងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចាប់យកចំណេះពីសិក្ខាសាលានេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត នៅមូលដ្ឋានរបស់ខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍ភូមិឃុំ ក្នុងគោលបំណងជួយកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរជាងមុន ។

សិក្ខាសាលានេះប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសាលាខេត្តកំពង់ធំ តាមរយៈកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Rice-SDP) ជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផលិតផលស្រូវនិងការនាំចេញអង្ករ ដោយប្រើប្រាស់ថវិកាទទួលបានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានថវិកាជំនួយផង កម្ចីផង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ខេត្តកំពង់ធំ បាននិងកំពុង អនុវត្តសកម្មភាពនៅតាម ក្រុងស្រុកគោលដៅចំនួន៦ គឺនៅ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ថ្នាក់ខេត្ត មានមន្ត្រីបង្គោលមន្ទីរពាក់ព័ន្ធចំនួន៥ មាន៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី មន្ទីរផែនការ និងមន្ទីរបរិស្ថាន ដែលមានមន្ត្រីបង្គោលរបស់មន្ទីរនីមួយៗ ជាអ្នកសម្របសម្រួល ក្នុងងការអនុវត្តសកម្មភាពតាមជំនាញរបស់អង្គភាពសាម៉ី ។

ជាមួយគ្នានេះលោក សៀក សុភ័គ ប្រធានគ្រប់គ្រងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២១ សកម្មភាពនេះ បានអនុវត្តសាកល្បង នៅតំបន់គោលដៅចំនួន ៤០ភូមិ នៃ៧ឃុំ ក្នុងនេះមាន ២២ភូមិ ៣ឃុំ នៅស្រុកបារាយណ៍ និង ១៨ភូមិ ៤ឃុំ ក្នុងស្រុកសន្ទុក ។ មកដល់ឆ្នាំ២០២២ នេះ កម្មវិធីបានពង្រីកភូមិឃុំគោលដៅរហូតដល់ ៩៩ភូមិ ក្នុង១១ឃុំ ក្នុងនេះ ៤៩ភូមិ ៥ឃុំ នៅស្រុកបារាយណ៍ និង៥០ភូមិ ៦ឃុំ ក្នុងស្រុកសន្ទុក ដែលថ្ងៃនេះ មាន លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម លោកអភិបាល និង អភិបាលរង នៃស្រុកគោលដៅទាំង២ បានអញ្ជើញចូលរួមផងដែរ ដូចនេះ ស្នើសុំលោក និង លោកស្រី យកចិត្តទុកដាក់ និងជួយផ្សព្វផ្សាយបន្តឲ្យបាន ទូរលំទូលាយ ដល់ប្រជាពលរដ្ឋយើង ៕

ដោយ ៖ Pa J