Connect with us

ព័ត៌មានជាតិ

ទាហានថៃ ចាប់បញ្ជូនពលករខ្មែរ ជាង១០០នាក់ បញ្ជូនមកកាន់ស្រុកកំណើតវិញ

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជាង១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មក​ អោយអាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថាពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក  ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ  ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទនិងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរកត់ឈ្មោះ រួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមាន ចំនួន១៣៣នាក់ ក្នុងនោះស្រី ៥១នាក់ ក្មេង២៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ប៉ុន្តែពលករចំនួន ៤៩នាក់ ស្រី១៥នាក់ និងក្មេង៧នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៨៤នាក់ ស្រី៣៦នាក់ និងក្មេង១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី