Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនចោរឆក់កាបូប២នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរឆក់កាបូប ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា​ ជនសង្ស័យ ទាំង២នាក់ខាងលើ មានឈ្មោះ ហេង ប៊ុនធាន (ហៅថាច់) ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់កាបូបរបស់ប្រជាពលរដ្ឋម្នាក់ នៅចំណុច​ទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។

លោកបន្តថា ករណីនេះសមត្ថកិច្ច បានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ម៉ូតូ០១គ្រឿង​ ម៉ាកហុងដា​ឃ្លិក​ ដែលជិះធ្វើសកម្មភាព និងកាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់ចំនួន៩,២០០បាត (របស់ជនរងគ្រោះ) ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេមានគ្នាចំនួន៣នាក់​ ហើយបានធ្វេីសកម្មភាព​ជិះម៉ូតូឆក់កាបូប​លុយ ពីជនរងគ្រោះពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកកាបូបរបស់ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ជូនទៅម្ចាស់ដើមវិញ ៕