Connect with us

ព័ត៌មានជាតិ

ការដ្ឋានសាងសង់អគារខុនដូក្បែររបងសាលាខណ្ឌទួលគោក ធ្លាក់ដែក បណ្ដាលឱ្យមេការម្នាក់រងរបួសធ្ងន់ និងរថយន្ត៣គ្រឿងរងការខូចខាត

ភ្នំពេញ៖ អគារខុនដូមួយកន្លែង មានយីហោ W ជាប់របងសាលាខណ្ឌទួលគោក ដែលកំពុងសាងសង់បានធ្លាក់ដែកជាច្រើនដើមពីជាលើ បណ្ដាលឱ្យរថយន្តចំនួន ៣គ្រឿងរងការខូចខាត និងមេការម្នាក់ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវ លេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានការធ្លាក់ដែក ជា​ច្រើន​ដើម ពីលើអគារខុនដូ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់​រង​របួស​ចំក្បាលធ្ងន់ធ្ងរ រថយន្តរងការខូចខាតចំនួន៣គ្រឿង​ រួមមាន៖ រថយន្តរបស់ការដ្ឋាន រថយន្ត​របស់​គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ​និងរបស់ពលរដ្ឋ ​និង​ខ្ទាត​ចូលដល់ក្នុង​បរិវេណ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋថែមទៀតផងដែរ។

គួរបញ្ជាក់ថា កន្លងមកទីតាំងខុនដូរនេះ ក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ ​មានការសំណូមពរ និង​បាន​ត្អូញត្អែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក​ កំពុងសាងសង់​ រំលោភលើ​ចិញ្ចើមផ្លូវ បង្កការកកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស គ្មានស្ដង់ដារ ​អាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរផងដែរ ។

ក្រោយមានការសំណូមពរ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ​លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ​បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និង​ធ្វើការអប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមាន ​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ អនាម័យល្អ​ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕