Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងសិរីសោភ័ណថ្មី ប្តេជ្ញាផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ និងដល់មូលដ្ឋាន

បន្ទាយមានជ័យ ៖ ជាការប្តេជ្ញាចិត្តរបស់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណថ្មី ដែលទើបឡើងកាន់តំណែង បានប្តេជ្ញាផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ និងដល់មូលដ្ឋាន ។

ការប្តេជ្ញានេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅនឹងបរិវេណសាលាក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានប្រកាសតែងតាំងលោក ស្រេង សុផល ពីសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសតែងតាំង ជាអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ជំនួសលោក ហ៊ឹល រ៉ាយ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលបានមុខតំណែងថ្មី លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និងអង្គពិធី ៖ ១-អនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តជាធរមាន ។ ២-អនុវត្តស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឲ្យមានប្រសិទ្ធភាពខ្អស់ ។ ៣-គាំទ្រ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធី គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ៤-បំពេញភារកិច្ច ដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានាឲ្យមានប្រសិទ្ធខ្ពស់ ។ ៥-បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាព ពិសេសអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លើសេវា២ ដល់កន្លែងសំខាន់ គឺ កើត កប់ ។ ៦-ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជា្ញស្មារតី រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ទទួលយកបញ្ហាមូលដ្ឋានមកដោះស្រាយ ។ ៧-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបានគ្រប់ភារៈកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ។ ៨-គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុម ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រៅពីការចូលរួមអបអរសាទរ ចំពោះលោកអភិបាលក្រុងថ្មី បានមានប្រសាសន៍ផ្តាំផ្ញើ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ឲ្យអស់នូវ ចំណេះដឹង និងជំនាញរបស់ខ្លួន គ្រប់គ្រងការងារ និងដឹកនាំមន្ត្រីថ្នាក់ក្រោម ធ្វើការងារ ជាពិសេស ត្រូវរួបរួមសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយមន្ត្រីពាក់ព័ន្ធ ធ្វើការងាររួមគ្នា ក្នុងគោលបំណង សម្រេចបានលទ្ធផលការងារល្អ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើផងដែរដល់ អស់លោកជាមន្រ្តីរាជការ មន្ត្រីសាលាក្រុង និងអស់លោកជាក្រុមប្រឹក្សាសង្កាត់ កងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមសហការជាមួយលោកអភិបាលក្រុងថ្មី ធ្វើយ៉ាងណាឲ្យដំណើរការអនុវត្តច្បាប់ និងការបំរើសេវាសាធារណៈ ជូនពលរដ្ឋបានល្អ និងទទួលបានលទ្ធផលល្អប្រសើរ ៕