Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ឣភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំប្រជុំត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់​ធ្នាប់សង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ

ប៉ៃលិន៖ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ឣភិបាល នៃគណ:ឣភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណ:បញ្ជាការឯក​ភាព​រដ្ឋបាលខេត្ត ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និងទិសដៅការងារបន្ត ព្រមទាំងរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋបាល​ក្រុង ស្រុក, លេខាធិការដ្ឋាន, និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ​មួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញ និងលើកទឹក​ចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិ​ត​ខំ​យកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោ​ល​នយោ​បា​យ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារ​ល្បាត​តាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅតាមបណ្តាអធិការដ្ឋាន នគរបាល និងតាមប​ណ្តា​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមាន មន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បី​ត្រៀ​មដោះ ស្រាយបញ្ហាផ្សេង ៗជូនប្រជាព លរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានទាន់ពេលវេលា ៕

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខឱ្យបានល្អ ជូន​ប្រជាពលរដ្ឋ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ គឺបងប្អូនប្រជាពលរដ្ឋត្រឡប់មកលេងស្រុកកំណើតច្រើន ដូច្នេះកងកម្លាំងសមត្ថ​កិច្ចត្រូវឈរនៅតា​ម​គោ​លដៅទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ពលរដ្ឋ កុំឱ្យមានការកកស្ទះ ហើយ​ចំពោះកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហាអនាម័យបរិស្ថាន នៅតាម​ទីវត្តអា​រ៉ាម និងតាមបណ្តាតំបន់ ទេសចរណ៍នានា ក្នុងខេត្ត ផងដែរ ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែល ប្រជាពលរដ្ឋខ្មែរ យើង តាំងពីបុរាណមក តែងតែប្រារព្ធធ្វើឡើង រយៈពេល ១៥ថ្ងៃ ដោ​​យគិ​ត​​ចាប់​ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ហើយនៅក្នុងពិធីបុណ្យនេះ គឺមានជំនឿទាក់ទិននឹ​ង​កា​រ​ពូន​ភ្នំខ្សាច់ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វ​ការីជនទាំ​ងឡាយដែលបានលាចាកលោក ឬដើម្បីលុបលាងនៅអំពើបាបកំហុស ដែលធ្លាប់​បានប្រព្រឹត្តិ​ផងដែរ​៕