Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិកាក្រសួងបហាផ្ទៃ ក្រើនរំលឹកដល់អភិបាលរងខេត្តថ្មីទាំង០៦រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល និងត្រូវដឹងពីសុខទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា

ប៉ៃលិន៖ អភិបាលរងខេត្តប៉ៃលិន ចំនួន៦រូប ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមអ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកជំទាវនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន។

អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖

*ទី១៖ លោក អ៊ុន ប៊ុនលី

*ទី២៖ លោក រស់ នឿន

*ទី៣៖ លោក សោ សុវណ្ណ

*ទី៤៖ លោក ងួន លីណា

*ទី៥៖ លោក សុខ ពិសី

*ទី៦៖ លោក ម៉ើង លីដា។

លោក សុខ ពិសី អភិបាលរងដែលទើបឡើងកាន់តំណែងបានឡើងប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងលោកទាំង៦នាក់ ជាអភិបាលរងខេត្តប៉ៃលិន និងខិតខំធ្វើការងារបម្រើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុត សំអន បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍខេត្តឲ្យ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមបានជំរុញដល់អភិបាលរងខេត្តថ្មីទាំង០៦រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល ឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុត សំអន បានសំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត៕