
ខេត្តបាត់ដំបង! នាល្ងាចថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីការងារស្មគ្រ័ចិត្តសម្រាប់យុវជនកាកបាទក្រហកម្ពុជា ដែលបានដំណេីរការអស់រយៈពេល ១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន ៦៨នាក់ (ស្រី៤៤នាក់) នៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ។
នាឱកាសបិទវគ្គនោះ លោក កុសុម សុភីនារ៉ា បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះដោយប្រការផ្សេង ។
ជាមួយគ្នានេះលោកនាយកបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គនេះគឺដេីម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយេីងបានយល់ដឹងសុីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបានមុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ។
លោកនាយកប្រតិបត្តិសាខា ក៏សូមសម្តែងនូវការកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះរបស់ក្មួយៗទាំងអស់ក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា ពេញលក្ខណៈ សំដៅដេីរតួជាយុវជនគំរូឈានមុខទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលេីកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត ។
សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិធីសាស្រ្តក្នុងការផ្សព្វផ្សាយសកម្មភាពរបស់យុវជន
៦.វិជ្ជាសង្គ្រោះបឋម។