រយៈពេល ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៦%
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។
ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ដោយបន្តកំណើនល្អប្រសើរផងដែរ។
ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹកប្រាក់មានទំហំប្រមាណជាង ២១ ៧៦៤ លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើនទៀត បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា–អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះកម្ពុជាភាគច្រើនបាននាំចេញមុខទំនិញទៅកាន់សហរដ្ឋអាមេរិកដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរសំលៀកបំពាក់, ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផលកសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕