Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ញើញសម្ពោធ អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបង្ហាញថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល ចំនួន១៧ប៊ីលាន១៣លានរៀល ។ អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

ក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជម្នះការលំបាកផ្សេងៗរហូតធ្វើឱ្យសម្រេចបានសមិទ្ធដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ។ មួយវិញទៀត ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ ៕

ដោយ ៖ KPN