Connect with us

ព័ត៌មានជាតិ

៨ខែឆ្នាំនេះ កម្ពុជារកចំណូលបាន ៣០០លានដុល្លារពីការនាំចេញកៅស៊ូស្ងួត

ភ្នំពេញ៖ យោតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ កាលពី​ថ្ងៃ​ទី២០ ខែកញ្ញានេះ បានបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៩៤,០១៤ តោនក្នុង អំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ពោលគឺកើនឡើង ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ បានបន្តថា ប្រទេសកម្ពុជា រកចំណូលបាន ៣០០ លានដុល្លារពីការនាំចេញ​ទំនិញ​ក្នុងរយៈពេល ៨ខែឆ្នាំនេះ ធ្លាក់ចុះ ៦.៤ ភាគរយបើធៀបនឹងឆ្នាំមុន។

ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន​កៅស៊ូ​ បាននិយាយនៅក្នុងរបាយការណ៍ថា កៅ​ស៊ូ​ស្ងួត​មួយតោនមានតម្លៃជាមធ្យម $,៥៥៣ ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២២ ​ប្រហែល ១១៩ដុល្លារ ​ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ដី​ដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤​ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរជ័រ ​ចំនួន ៣១០ ១៩៣ ​ហិកតា ​និង​​ផ្ទៃដី​ថែទាំ​​ចំនួន ៩៣ ៨៥១ ​​ហិកតា​។ ជ័រ​កៅស៊ូ​ពី​ខែ​មករាខែ​សីហា ឆ្នាំ​ ២០២២ មាន​តម្លៃ​ជា​មធ្យម​​ ១ ៥៥៣​ ដុល្លារ​ក្នុង​ ១​ តោន​ ថយចុះ ១១៩ ​​​ដុល្លារ​ ឬ​​ស្មើ​នឹង ៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូល​ផល​ជ័រ​កៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ​៣៦៦ ០០០ ​តោន ​រក​​​​ចំណូល​បាន ៦១០ ២៥៥ ៨០០ ​ដុល្លារ។​នេះ​​បើ​​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ៕