Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្វពិធីប្រកាសតែងតាំងលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរទៅកាន់មុខតំណែងថ្មី នៅក្រសួងមហាផ្ទៃ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។

បន្ទាប់ពីការប្រគល់អនុក្រឹត្យ ស្ដីពីការផ្ទេរភារកិច្ចមន្រ្ដីរាជការរួច លោក ខូយ រីដា បានឡើងមានប្រសាសន៍ប្ដេជ្ញាចិត្ត ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល ក្នុងការបន្តខិតខំប្រឹងប្រែងចូលរួមជួយក្នុងការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង និងបន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ អបអរសាទរ ចំពោះលោក ខូយ រីដា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៤ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលភារកិច្ចជាអភិបាលរងខេត្តបាត់ដំបង បន្តជួយការងារដឹកនាំនៅខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរកាន់មុខតំណែងថ្មីនៅក្រសួងមហាផ្ទៃ ។

ក្នុងពិធីនេះដែរឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់លោក យឹម សៀប ដែលកន្លងមកលោកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការរួមចំណែកជាមួយឯកឧត្តម លោកជំទាវក្នុងរដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម បានផ្ដាំផ្ញើដល់លោក ខូយ រីដា ដែលទើបបានផ្ទេរភារកិច្ចមកខេត្តបាត់ដំបង ខិតខំបន្តចូលរួមក្នុងការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើន ៕

ដោយ ៖ Pa J