ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកភ្នំព្រឹក ២៥០គ្រួសារ បានទទួលអំណោយកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី រួមនិងសប្បុរសជន បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២៥០គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំចំនួន២ នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តមប្រធាគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមបន្តថា អំណោយមនុស្សធម៌ ដែលនាំមកជូននាពេលនេះ បើទោះបីជាមានតិចតួចក្តី តែអាចជួយសម្រាលទុក្ខលំបារបស់បងប្អូន បានមួយរយៈ ហើយនេះក៏ជាការបង្ហាញ ពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើង សូមទៅទទួលយកនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង នៅតែមានការព្រួយបារម្ភអំពីការរាតត្បាតនៃជំនេះនៅឡើយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌បានផ្ដល់ជូននាពេលនេះ ក្នុង០១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកបរិសុទ្ធ០១កេស, មុង០១, ភួយ០១, សារុង០១, ក្រមា០១, ត្រីខ០១យួរ, ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរផងដែរ ៕
ដោយ ៖ សាលី