Connect with us

ព័ត៌មានជាតិ

ព្រោះតែប្រពន្ធសុំលែង បុរសជាប្តីបានវាយប្រពន្ធអោយរងរបួសធ្ងន់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនក្រោយប្រើហឹង្សាបន្ទាប់ពីប្រពន្ធសុំលែង។

សមត្ថកិច្ចបានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្រោយទទួលបានពាក្យ បណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ ដំបង ដែលតំណាងដើមបណ្ដឹងជាម្ដាយថាមានករណីហិង្សាក្នុងគ្រួសារ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) លើជនរងគ្រោះជាប្រពន្ធឈ្មោះ ផេង ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំមានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុមទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលករណីនេះបណ្តាលឱ្យរបួសស្នាមស្នាមជាំខ្នង -ហើមកញ្ចឹងក -ពកក្បាលពីក្រោយ -ហើមកំភួនដៃខាងឆ្វេង និងដើមដៃខាងស្ដាំ ។

ក្រោយពីទទួលបណ្តឹងភ្លាម ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនី យ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ឺន សុខប៊ុន ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ដែលត្រូវជាប្តី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកមួកសុវត្តិភាពវាយទៅលើជនរងគ្រោះជាប្រពន្ធពិតប្រាកដមែន ដោយសារមូលហេតុខឹងប្រពន្ធសុំលែង ហើយក្រោយបញ្ចប់ការសាកសួរជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាល កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕