Connect with us

ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្រោយបើករថយន្តទៅបុកគូថរថយន្តនិងបន្តទៅបុករោងលក់អ៉ីវ៉ាន់

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយបើករថយន្តទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណពីក្រោយ រួចបន្តទៅបុករោងលក់អ៉ីវ៉ាន់នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-9211 អ្នកបើកបរឈ្មោះទុយ កុយ ភេទប្រុស អាយុ៣១ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិវត្តបត់គគី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានជ្រុលបុករថយន្ត(មិនស្គាល់អត្តសញ្ញាណ)ពីក្រោយ បន្ទាប់មករថយន្តអូសល្បឿនជិត៤០០ម៉ែត្រជ្រុលទៅបុកប៉ះរោងលក់អ៉ីវ៉ាន់នៅខាងឆ្វេងដៃ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើរជាប្អូនស្លាប់គៀបជាប់និងកាប៊ិន ដោយឡែករថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះទៅពិនិត្យវាស់វែងយករថយន្តទៅរក្សាទុក ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។