Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនស.ស.យ.ក ចុះជួយប្រមូលផលដំណាំប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

ប៉ៃលិន៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង លិចចូលផ្ទះសម្បែង ពិសេសការលិចផលដំណាំ ដែលកំពុងប្រមូលផលនោះ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្ត ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានសហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនស.ស.យ.កខេត្ត ចុះជួយប្រមូលផលដំណាំប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាច្រើនថ្ងៃ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ដែលផលដំណាំរយៈខ្លី ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង លោកជំទាវអភិបាលខេត្ត បានចាត់ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត ក្រុមយុវជនស.ស.យ.កខេត្ត ចុះជួយប្រមូលផលដំណាំស្ពៃ របស់បងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ជន់លិចជាច្រើនថ្ងៃ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក សុខ ពិសី បានបន្តថា៖ ការចុះជួយបងប្អូនប្រជាពលរដ្ឋនេះ គឺមិនមានការប្រកាន់បក្សពួក ជាតិ សាសន៍ ព៌ណ សម្បុរអ្វី កន្លែងណា ដែលជួបការលំបាក គឺថ្នាក់ដឹកនាំ ពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងចុះជួយឲ្យទាន់ពេលវេលាផងដែរ។

ជាការថ្លែងអំណរគុណ តំណាងប្រជាកសិករ លោកស្រី ម៉ាឡា បានលើកឡើងថា៖ ដំណាំដែលរងការខូចខាតនេះ គឺមានទំហំដីជាង២រ៉ៃ ជាប្រភេទបន្លែស្លឹក(ស្ពៃចង្កឹះ)បានលិចជាច្រើនថ្ងៃមកហើយ មិនដឹងថាសល់ទិន្នផលប៉ុន្មានភាគរយនោះទេ ទោះបីជាយ៉ាងណា ក៍ប្រជាកសិកររូបនេះ សូមថ្លែងអំណរគុណដល់លោកជំទាវអភិបាលខេត្ត ដែលបានចាត់ក្រុមការងារមកចុះជួយប្រមូលផលដំណាំ ដែលកំពុងរងគ្រោះរបស់គាត់ទាន់ពេលវេលាផងដែរ។