ប្រជាពលរដ្ឋ ស្នើដល់អាជ្ញាធរជួយអន្តរាគមន៍ បញ្ហាសំរាមនៅលើផ្លូវសាធារណៈ បង្កក្លិនស្អុយប៉ះពាល់សុខភាព និងបរិស្ថាន
បាត់ដំបង ៖ បញ្ហាសំរាម គឺជា ប្រធានបទដ៏ក្តៅគគុកមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ខណៈដែលអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ហាក់មិនសូវខ្វល់ បណ្តែតបណ្ដោយអោយក្រុមហ៊ុន ផាស៊ីផ្សារ មួយចំនួន យកសំរាមទៅដាក់គរចោលពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ បង្កជាក្លិនស្អុយធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សុខភាពផ្លូវដង្ហើម និងបរិស្ថាន ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ឈ្មោះ សេង បុភឿន ក៏ដូចជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល នៃខេត្តបាត់ដំបង បានសំណូមពរដូចៗគ្នាដោយស្នើទៅដល់លោកអភិបាលស្រុក សូមជួយអន្តរាគមន៍ក្រុមហ៊ុនសំរាមដែលមិនបាន មកដឹកអស់ជាច្រើនថ្ងៃ ដែលគេយកមកគរនៅលើផ្លូវទីសាធារណៈយ៉ាងអនាធិបតេយ្យពាសវាលពាសកាល នៅចំណុចខាងក្រោយផ្សារជ្រៃ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល នៃខេត្តបាត់ដំបង ដែលបង្កជាក្លិនស្អុយរំខានដល់ការរស់នៅ ប៉ះពាល់ទៅលើសុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថានផងដែរ ។
ពាក់ព័ន្ធទៅនិងបញ្ហាសំរាមខាងលើនេះ ម្ចាស់គ្រប់គ្រងផ្សារជ្រៃ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា រឿងនេះមិនពាក់ព័ន្ធខាងផ្សារទេ គឺ ពាក់ព័ន្ធជាមួយខាងផាស៊ី ព្រោះគេដេញថ្លៃពីស្រុក ហើយបួនប្រាំថ្ងៃទើបគេមកយកម្តង ខាងឃុំក៏អត់ពាក់ព័ន្ធដែរ មានតែជួយលុយអោយគេជួយកើបចេញទៅវិញទេ គឺ ស្រុកគេអ្នកយកលុយ ។
ចំណែកលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានអោយដឹងដែរថា កាលពីមុនលោកដឹងថា ស្រុកបានគ្រប់គ្រងម្តង តែក្រោយមក គេផ្ទេរសិទ្ធិអំណាចមកអោយឃុំ តាំងពីជំនាន់តាលឹម ហើយចំណាត់ការនេះលោកបានទទួលព័ត៌មានហើយតាមរយៈសារព័ត៌មាន ហើយថ្ងៃស្អែកលោកនឹងចាត់ការ ហើយលោកបានទទួលព័ត៌មាននេះ លោកដឹងថាធ្វើយ៉ាងម៉េចហើយ សូមកុំទំលាក់កំហុសមកលើផាស៊ីរបស់ស្រុកអី ៕
ដោយ ៖ សាលី