ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៩គ្រួសារនៅស្រុកសំឡូត ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត ដឹកនាំដោយលោក សើ សាម៉េត ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ រស់នៅចំណុចចំការស្ទឹង ភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរងគ្រោះកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ។
មានប្រសាសន៍នាឱកាសនោះ លោក សើ សាម៉េត ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនតែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំសាខាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនេះដែរ លោក សើ សាម៉េត ក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារ កុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ និងសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ ក្នុង០១គ្រួសារៗទទួលបាន ៖ អង្ក២៥គីឡូក្រាម, មី០១កេស ,ត្រីខ១០កំប៉ុង, ទឹកត្រី០១ដប និងឃីត០១កញ្ចប់មាន(មុង១ កន្ទេល១ ភួយ១ ខ្នើយ១ និងសារ៉ុង១) និងថវិកាមួយចំនួនផងដែរ ៕
ដោយ ៖ សាលី