Connect with us

ព័ត៌មានកីឡា

មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជិតមួយមុឺននាក់ រងចាំមើលភាពអច្ឆរិយព្រះអាទិត្យរះ ចំលើកំពូលប្រាសាទអង្គរវត្ត ជាមួយនិងព្រះរាជពិធី សុំភ្លើងព្រះអាទិទេព និងប្រគល់ភ្លើងគប់កីឡា

សៀមរាប ៖ ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង៩ពាន់នាក់ បានងើបមកប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប តាំងពីម៉ោង៤ទាប់ភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរងចាំទស្សានាភាពអច្ឆរិយ នៃបាតុភូតថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត ។

តាមការអោយដឹង ពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីព្រឹកម៉ោង៧ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់តាំពីព្រលឹមស្រាងៗ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង និងភ្ញៀវទេចរណ៍អន្តរជាតិ ច្រើនជាតិសាសន៍ បានមករងចាំទស្សនាថ្ងៃរះ ចំកំពូលប្រាសាទ ដោយគិតត្រឹមម៉ោង៧ព្រឹក មានភ្ញៀវសរុបទាំងខ្មែរនិងអន្តរជាតិ ប្រមាណជិតមួយមុឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ជាង៧០% ។

បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សាភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់ គួរស្ញប់ស្ញែងជាទីបំផុត ។

ដោយឡែកក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥ និង៣០នាទី ព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំ តែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

ជាមួយនឹងព្រឹត្តិការដ៍អស្ចារ្យនេះ តាមរយៈការបង្ហោះតាមហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទូទៅ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»។

ស្របគ្នាជាមួយបាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ក៏មានព្រះរាជពិធីសុំភ្លើងព្រះអាទិទេព និងយាងប្រគល់ភ្លើងគប់កីឡា ជូនដល់គណៈកម្មាការរៀបចំពិធីដង្ហែភ្លើងគប់ រត់ជុំវិញវង់ធំ ក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយការរត់គប់ភ្លើង យកទៅដាក់វត្តរាជបូណ៌ក្រុងសៀមរាប រួចព្រះអគ្គីកីឡា នឹងដង្ហែតាមយន្តហោះពិសេស ឆ្ពោះទៅបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ដើម្បីស្វាគមន៍ការទៅដល់ នៃភ្លើងគប់កីឡាស៊ីហ្គេម នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ៕

ដោយ ៖ ពៅ