នគរបាលស្រុកម៉ាឡៃ បង្រ្កាបករណីលួចរថយន្ត ឆ្លងខេត្តបី-បួន ក្រោយចូលដល់ខេត្តបន្ទាយមានជ័យភ្លាម

បន្ទាយមានជ័យ ៖ នគរបាលស្រុកម៉ាឡៃ តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឈានដល់ការឃាត់ជនសង្ស័យពីរនាក់ប្តីប្រពន្ធ និងរថយន្តមួយគ្រឿង ដែលបានលួចពីខេត្តផ្សេង ឆ្លងកាត់ខេត្តបី-បួនដល់ព្រំដែនកម្ពុជាថៃ ចូលដីខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិ៥៨ ត្រងចំនុចឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េត សុវុទ្ធី អធិការស្តីទីស្រុកម៉ាឡៃ សហការជាមួយប៉ុស្តិ៍នគរបាលបឹងបេង រថយន្តដែលត្រូវសមត្ថកិច្ចស្ទាក់ឃាត់បានម៉ាកTOYOTA HiLux  RaLLy ពណ៍ស ពាក់ស្លាកលេខកម្ពុជា NACHADA បើកបរដោយតៃកុងម្នាក់និងអ្នករួមដំណើរក្នុងរថយន្តជាប្រពន្ធមួយនាក់ ព្រមទាំងអ្នកជិះខាងក្រោយមួយចំនួន ជាមួយនិងឥវ៉ាងជាច្រើន បានលួចពីខេត្តកំពង់ស្ពឺ បើកឆ្លងកាត់ខេត្តជាច្រើនដូចជា បាត់ដំបង មកលក់នៅប៉ៃលិន គ្មានអ្នកទិញ ហើយបន្តបើកតាមផ្លូវស្របព្រំដែនកម្ពុជាថៃចូលស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ទើបចាប់បាន ។

តាមលោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយទើបតែបង្រ្កាបបានខាងអធិការ មិនទាន់បញ្ជូនមកស្នងការទេ ដូច្នេះ មិនអាចផ្តល់ព័ត៌មានអោយបានច្បាស់លាស់ថា ជាករណីអ្វីប្រាកដនោះទេ ។ តែគ្រាន់តែដឹងថា ការបង្រ្កាបនេះ តាមការណែនាំរបស់លោកស្នងការ អោយនគរបាលការិយាល័យជំនាញ និងអធិការគ្រប់ស្រុកក្រុងសហការគ្នា ក្តាប់មុខសញ្ញាចោរលួចរថយន្តខាងលើ ដែលកំពុងធ្វើចរាចរពីខេត្តមួយ ទៅខេត្តមួយ បើចូលក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបង្រ្កាបអោយបាន ។

បច្ចុប្បន្ននគរបាលស្រុកម៉ាឡៃ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

CATEGORIES
Share This