Connect with us

ព័ត៌មានជាតិ

មានប្រជាពលរដ្ឋ ៥៦នាក់ហើយ ដែលចាញ់បោកម្ចាស់ហាងលក់មាស វេរប្រាក់ប្តូរលុយ មនោរម្យ អស់ជាច្រើនលានដុល្លា

បន្ទាយមានជ័យ ៖ គិកចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដល់ត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដែលសមត្ថកិច្ចនគរបាល បានទទួលបណ្តឹង ពីប្រជាពលរដ្ឋ ៥៦នាក់ ដែលបានប្តឹងម្ចាស់ហាងលក់មាស ប្តូរប្រាក់ វេរប្រាក់ មនោរម្យ ក្នុងការឆបោកពួកគាត់ សរុបជាប្រាក់រាប់លានដុល្លា រួចបិទទ្វារហាងរត់បាត់ មិនទទួលខុសត្រូវ ។

ដោយសារមិនទាន់ឃើញមានលទ្ធផល ពីចំណាត់ការរបស់សមត្ថកិច្ច បន្ទាប់ពីបានប្តឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ពួកគាត់បាននាំគ្នាប្រមាណជា៥០នាក់ ទៅប្រមូលផ្តុំនៅមុខសាលាក្រុង និងអធិការក្រុងប៉ោយប៉ែត សុំឲ្យលោកអភិបាល ជួយរកដំណោះស្រាយជូនពួកគាត់ ។

ជាមួយនឹងការប្រមូលគ្នា ពីសំណាក់ប្រជាពលរដ្ឋខាងលើ អាជ្ញាធរក្រុង មិនបានចេញដោះស្រាយជួនពួកគាត់ទេ ដោយឲ្យទៅខាងអធិការក្រុងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចេញជួបពួកគាត់ ដោយប្រាប់ពួកគាត់ថា សមត្ថកិច្ចកំពុងតែចាត់ការតាមនីតិវិធី ទៅស្នងការនគរបាលខេត្ត ហើយអំពាវនាវឲ្យពលរដ្ឋ រូបណា ដែលរងគ្រោះក្នុងរឿងឆបោកនេះ មិនទាន់បានដាក់ពាក្យបណ្តឹង សូមមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចដោះស្រាយជូន ។

ករណីនេះបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយ ដោយស្ថិតនៅដំណាក់កាល ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល ហើយបើតាមរបាយការណ៍របស់ការិយាល័យ បានអោយដឹងថា មកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ មាន ប្រជាពលរដ្ឋ ៥៦នាក់ ដែលបានប្តឹងទៅលើឈ្មោះ ថុង រស្មី ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ហេង មួយឡេង អាយុ៣៩ឆ្នាំ មុខរបរ លក់មាស ប្តូរប្រាក់ វេរប្រាក់ (មនោរម្យ) នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ឆបោកប្រាក់ ប្រជាពលរដ្ឋចំនួន៥៦នាក់ គិតជាប្រាក់ខ្មែរសរុប ចំនួន១៣០,០០០,០០០(មួយរយសាមសិបលាន)រៀល, ប្រាក់បាត ១៨៩,៤៣៩,៨៥៨ (មួយរយប៉ែតសិបប្រាំបួនលានសែសិបបីម៉ឺនប្រាំបួបពាន់ប្រាំបីរយហាសិបប្រាំបី)បាត, ប្រាក់ដុល្លារ ៤,៧៣៩,៩០០(បួនលានចិតសិបបីម៉ឺនប្រាំបួនពាន់ប្រាំបួនរយ)ដុល្លារ និងមាសសុទ្ធទម្ងន់ ១គីឡូក្រាម ។

គួរបញ្ចាក់ថា ប្រជាពលរដ្ឋទាំង៥៦នាក់ខាងលើ បានយកមាស ប្រាក់ ទៅដាក់នៅហាង លក់មាស ប្តូរប្រាក់ វេរប្រាក់ (មនោរម្យ) ដើម្បីទទួលបានការប្រាក់ខ្ពស់ ដោយអ្នកខ្លះបានទៅខ្ចីធនាគារ និងខ្ចីលុយនាយទុន ក្នុងអត្រាការប្រាក់ទាប មកដាក់ឲ្យហាង មនោរម្យ ដើម្បីបានប្រាក់ចំណេញ ដែលការដាក់នេះមានរយៈពេលជាយូរណាស់មកហើយ ទើបតែថ្មីៗនេះ បានផ្ទុះការឆោឡោដោយម្ចាស់ហាង បានបិទទ្វាររត់គេចខ្លួន ទើបដឹងថា ម្ចាស់ហាងនេះ ឆបោកពួកគាត់ ៕