ភាគីអះអាងថា ជាជនរងគ្រោះ ស្នើសុំស្ថាប័នពាក់ព័ន្ធមានវិធានការផ្លូវច្បាប់ចំពោះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងក្រុងព្រះវិហារ
ព្រះវិហារ៖ ភាគីប្រជាពលរដ្ឋស្លូតត្រង់ ដែលអះអាងថា ជាជនរងគ្រោះបានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ចំពោះលោក យ៉ាន់ ម៉េងហាក់ ដែលមានតួនាទីមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារថា បានប្រើអំពើហិង្សាលើខ្លួន នឹងចូលកាត់សោផ្ទះរបស់គាត់យកទ្រព្យសម្បត្តិអស់មួយចំនួន ខណៈម្ចាស់ផ្ទះមិននៅ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកតុលាការ ចាប់តាំង ពីថ្ងៃទី២៣ ខែវិចិ្ឆការ ឆ្នាំ២០២២មកម្ល៉េះ ដើម្បីអោយស្ថាប័នតុលារការ រកយុត្តិធម៌ជូនពួកគាត់ ប៉ុន្ដែមកទល់ពេលនេះពួកគាត់មិនទាន់ទទួលបានយុត្ដិធម៌នៅឡើយទេ ដោយលោក យ៉ាន់ ម៉េងហាក់ កំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងមិនបានចូលខ្លួនមកដោះស្រាយនោះឡើយ ។
បើតាមលោកស្រី នឿន សុកឃាង និងឈ្មោះ នឿន វ៉ាននី ជាជនរងគ្រោះដើមបណ្ដឹង បានលើកឡើងថា ខណៈលោកស្រីកំពង់ឈ្លោះប្រកែកគ្នា ឈ្មោះយ៉ាន់ ម៉េងហាក់ ស្ទុះទៅចាប់បោកលោកស្រីផ្ទប់ទៅនឹងដី រួចប្រើកែងដៃមកសង្កត់បំពង់ក ត្រូវរបួសជាច្រើនកន្លែង ហាក់បីដូចជាលោកស្រីជាជនល្មើសអញ្ចឹង។
លោកស្រី បានបន្តថា ពេលប្រើអំពើហិង្សាលើលោកស្រីហើយ លោក យ៉ាន់ ម៉េងហាក់ បានហៅបក្សពួកមកវាយលើលោកស្រីបន្ថែមទៀត និងទាញទូរស័ព្ទរបស់លោកស្រី ដែលកំពុងថតភស្តុតាងយកមកបោកបែកចោល ដើម្បីបំបាត់ភស្តុតាងទៀតផង មិនតែប៉ុណ្ណោះលោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក បានចូលទៅកាត់សោផ្ទះរបស់ស្រី យកសម្ភារៈអស់មួយចំនួនធំ ខណៈពេលលោកស្រី និងក្រុមគ្រួសារមិនបាននៅផ្ទះ ។
ពាក់ព័ន្ធករណីនេះ លោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ អង្គភាពយើងទូរស័ព្ទសុំការបញ្ជាក់បកស្រាយផងដែរ តែទូរស័ព្ទទំនាក់ទំនងមិនបានទេនៅរសៀលថ្ងៃទី០៣ ខែវិចិ្ឆការឆ្នាំ២០២៣នេះ។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយរបស់លោកយ៉ាន់ ម៉េងហាក់ រាល់ម៉ោងបំពេញការងារ។
ប្រជាពលរដ្ឋដើមបណ្ដឹង ទទូចស្នើសុំដល់ប្រព័ន្ធតុលាការខេត្តព្រះវិហារ សូមមេត្ដាពន្លឿនការដោះស្រាយឲ្យបានម៉ឺងម៉ាត់ និងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដើម្បីផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវជូនពួកគាត់ជាជនរងគ្រោះផង៕