Connect with us

ព័ត៌មានជាតិ

លោក ផេង សិទ្ធី ត្រូវបានតែងតាំងជា ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានគណៈកម្មាធិការកណ្ដាលសម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ផេង សិទ្ធី ជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង ជំនួសលោកស្រី អ៊ឹម សុខុន ដែលត្រូវទទួលភារកិច្ចថ្មី ។

នាឱកាសនោះ លោក ផេង សិទ្ធី ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង ដែលទើបចូលកាន់តំណែងថ្មី បានឡើងបង្ហាញការប្ដេជ្ញាចិត្តគោរពតាមការដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងបានប្ដេជ្ញាពុះពារជំនះរាល់ឧបសគ្គ បញ្ហាប្រឈមគ្រប់បែបយ៉ាងដោយប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដឹកនាំសម្ពន្ធយុវជនស្រឡាញ់សន្តិភាពឱ្យបានល្អប្រសើរ និងរីកចម្រើន ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងអោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបំពេញសកម្មភាពរបស់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព នៅលើទឹកដីខេត្តបាត់ដំបង ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកសម្ពន្ធយុវជនស្រឡាញ់សន្តិភាពទាំងអស់ត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាជាពិសេសគាំទ្រឥតងាករេរនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ក៏បានណែនាំដល់ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបងត្រូវខិតខំពង្រីកការកសាងសមាជិកថ្មីៗបន្ថែមទៀត និងត្រៀមកម្លាំងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ៕
ដោយ ៖ សលី