Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ រំពឹងថា នឹងមានអ្នកមកទស្សនាព្រឹត្តិការណ៍ប្រណាំងទូកង ច្រើនជាងរាល់ឆ្នាំ

កំពង់ស្ពឺ ៖ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្តកំពង់ស្ពឺ បានគ្រោងរៀបចំឱ្យមានព្រឹត្តិការណ៍ ប្រណាំងទូកង អុំប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោត នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។

នៅក្នុងកិច្ចប្រជុំរៀបចំគណកម្មការលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីធ្វើឱ្យព្រះរាជពិធីមានភាពសប្បាយរីករាយ និងមហោឡារឹក រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូក ប្រណាំងខ្ទះត្នោត ពិព័រណ៍ផលិតផល ប្រគុំតន្ត្រី សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនទៀត ហើយក្នុងនោះក៏មានការបាញ់កាំជ្រួចអបអរពិធីបីថ្ងៃជាប់គ្នាផងដែរ ។

លើកឡើងក្នុងឱកាសនោះលោក វ៉ី សំណាង បានរពឹងទុកថា ក្នុងពិធីប្រណាំងនឹងអាចមានអ្នកមកទស្សនាច្រើនលើសលុប ខុសពីឆ្នាំកន្លងទៅ ខណៈដែលរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធខិតខំរៀបចំពិធីឱ្យកាន់តែមានលក្ខណៈស្តង់ដារ និងស្អាតប្លែកជាងបណ្តាឆ្នាំមុនៗក្រោមការការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់ ពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ។

ជាមួយនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកែលំអរសោភ័ណភាពនៅតាមមន្ទីរអង្គភាពរបស់ខ្លួន ឱ្យទទួលបានការចាប់អារម្មណ៍ និងគោលដៅដែលរដ្ឋបាលខេត្ត បានប្រគល់ឱ្យ ធ្វើយ៉ាងណាពេលកម្មវិធីមកដល់ គឺ រួចរាល់និងមិនភាពរាំងស្ទះ ដល់ដំណើរការនៃការអុំទូក អកអំបុក និងសំពះព្រះខែ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូកង ប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោត ក្នុងឆ្នាំនេះ មានទូកចូលរួមប្រកួតចំនួន៥២ទូក ក្នុងនោះទូកអន្តរជាតិ៦ទូក ទូកកិត្តិយស២ទូក ទូកផ្កាចារចំនួន៣២ទូក (ទូកនារី១ទូក) ទូកត្នោតចំនួន៦ទូក និងទូកខ្ទះចំនួន៨ទូក (ទូកនារី៤ទូក) និងមានកីឡាករ កីឡាការិនី សរុបចំនួន៦០១នាក់ ៕

ដោយ ៖ ប៊ុត សារុន