រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យនិងទប់ស្កាត់ ការទន្រ្ទានដីព្រៃ ពីសំណាក់ពលរដ្ឋតាមមេខ្យល់

ពោធិ៍សាត់ ៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ កាលពីថ្ងៃទទី០៤ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងដីព្រៃរិចរិល ដែលត្រូវបានពលរដ្ឋ តាមរយៈមេខ្យល់ចូលឈូសឆាយកាន់កាប់ក្នុងតំបន់ ឃុំរកាត និង ឃុំសន្ទ្រែ ស្ថិតនៅចំណុចវាលក្ងោក និងចំណុចពាមប្រក ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក ចេង ឡៃ បានលើកឡើងថា ពាក់ព័ន្ធនិងទីតាំងឈូសឆាយដីព្រៃទាំងនេះ ជាដីនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ និងផ្នែកកសិកម្ម។ ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ។ ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរនិងសមត្ថកិច្ចបានឃើញប្រជាពលរដ្ឋ ចូលទន្ទ្រាន្តដីព្រៃជាច្រើនគ្រួសារ ហើយក៏បានដកហូតម៉ាស៊ីនអារឈើ បានចំនួន ០៣ គ្រឿង និងកាំភ្លើងស្នប់ ចំនួន០២ដើមផងដែរ ។ ជុំវិញករណីដីព្រៃខាងលើនេះ ក៏បានឈានដល់ធ្វើការឃាត់ខ្លួនមនុស្សចំនួនពីរនាក់ ដែលអជ្ញាធរដាក់ការសង្ស័យ ជាមេខ្យល់ នាំពលរដ្ឋចូលទន្រ្ទានកាន់កាប់ដីព្រៃ ។ ដោយឡែកចំពោះម្ចាស់ដី ដែលជួលអោយគ្រឿងចក្រចូលឈូសឆាយ ជាអតីតអភិបាលរងស្រុកបាកាន និងម្ចាស់គ្រឿងចក្រ ជាត្រាក់ទ័រអាជ្ញាធរ និងសមត្ថកិច្ច មិនទាន់មានចំណាត់ការនៅឡើយទេ ។

ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ជនសង្ស័យបានបដិសេធ មិនទទួលស្គាល់ថា ខ្លួនមានកំហុសនោះទេ ហើយចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ត្រូវបានក្រុមការងារ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការរស់នៅក្នុងតំបន់នោះជាបន្តទៀត ៕
ដោយ ៖ សំណាង

CATEGORIES
Share This